មណ្ឌលគិរី​ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ​ថ្មី​ជាង​៥០​គីឡូ បន្ទាប់ពី​ផ្លូវ​ចាស់​រង​ការខូចខាត​

4059

(​មណ្ឌលគិរី​)៖ ផ្លូវ​ក្រាល​កៅស៊ូ​ថ្មី ដែល​អាចធ្វើ​ដំណើរ​កាត់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា និង​អាច​បង្ហូ​ស​ចូលក្នុង​ប្រទេស​វៀតណាម ដែលមាន​ប្រវែង​ជាង​៥០​គីឡូ​ម៉ែត​នោះ កំពុង​លេច​រូបរាង​បណ្តើរៗ​ហើយ គ្រា​ដែល​ការស្ថាបនា អាច​និង​រួចរាល់​នៅ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ខាងមុខ​។​

​ផ្លូវ​ថ្មី​ដែលជា​គម្រោង​របស់​មន្ទី​រ​សាធារណៈការ​ខេត្តមណ្ឌលគិរី​នោះ គឺ​ចាប់ផ្តើម​ពី​ចំណុច​ផ្លូវ​បំបែ​ល​ផ្លូវជាតិ​លេខ​៧៦ ចំណុច​ភូមិ​ពូ​លូ​ង ក្រុង​សែន​មនោ​រម្យ រហូត​ទៅដល់​ច្រកទ្វារ​ទ្វេរ​ភាគី​ណាំ​លៀ ដែល​ស្ថិតនៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដែលមាន​ប្រវែង​៥០​គីឡូ​ម៉ែត​។​

​លោក ម៉ៅ ធនារ​ក្ស ប្រធាន​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង ដោយ​ថវិការ​ជាតិ​សម្រាប់​ទម្លាក់​ឲ្យ​មន្ទីរជំនាញ​យកទៅ​អភិវឌ្ឍន៍​តាម​មូលដ្ឋាន​មានកំណត់ ដូច្នេះ​គម្រោង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​កៅស៊ូ DBST​លើ​ចម្ងាយ​ផ្លូវ​៥០​គីឡូម៉ែត្រ បច្ចុប្បន្ន​ក្រុមការងារ​សាងសង់​របស់​មន្ទីរ ទើប​សម្រេចបាន​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​សង់​តាំងពី​ឆ្នាំ​២០១៦ ។​តែ​ទោះជា​យ៉ាងណា​លោក​ប្រធាន​មន្ទីរ​សាធារណការ នឹង​ដឹកជញ្ជូន​ខេត្ត បាន​ថ្លែង​ទាំង​សុទិដ្ឋិនិយម​ថា ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ផ្លូវ​ក្រាល​កៅស៊ូ​ឬ​ហៅថា ផ្លូវ​ខេត្ត​លេខ​៣៧៦៤ នឹងត្រូវ​សាងសង់​រួចរាល់​ជា​ស្ថាពរ នឹង​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ចេញចូល​ប្រកបមុខរបរ​រក​ទទួល​ទាន​បាន​ប្រសើរ​ជាមុន ហើយ​អាច​កាត់បន្ថយ​នូវ​ការចំនាយ​មួយផ្នែក​លើ​ការដឹកជញ្ជូន​ផលដំណាំ​ដែល​ប្រជាកសិករ​ប្រមូលបាន​។​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ពេ​ជ្រា​ដា បាន​និយាយថា សព្វថ្ងៃ​ដោយមាន​ការសង់​ផ្លូវ​ថ្មី​ក្រាល​កៅស៊ូ គឺ​បាន​ជួយ​ឲ្យ​ពួកគាត់​បាន​សល់​ប្រាក់ចំនូល​ជាច្រើន​លើ​ការដឹកជញ្ជូន​ផល​កសិកម្ម​នានា ដែល​ពួកគាត់​បាន​ដាំ​ដុះ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្រុក​ពេ​ជ្រា​ដា គឺមាន​ច្រកទ្វារ​ទ្វេរ​ភាគី​ណាំ​លៀ ជាប់​ជាមួយ​ប្រទេស​វៀតណាម ដែល​កាន់តែ​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​ទៅមក​រវាង​ប្រជាជន​កម្ពុជា នឹង​ប្រជាជន​វៀតណាម​។​

​មហាជន​បាន​លើកឡើងថា ការស្ថាបនា​នូវ​ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ មិន​ត្រឹមតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លើ​ផ្នែក​ដឹកជញ្ជូន​នោះទេ ថែមទាំង​បាន​ជួយ​សម្រួល​ដល់​វិស័យ​ទេសចរ​ណ៏ នឹង​វិស័យ​ពានិជ្ជកម្ម​ផងដែរ​។​ដ្បិត​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា គេ​សង្កេតឃើញ​មាន​រមណីយដ្ឋាន​ជាច្រើន ដែលមាន​ឈ្មោះ​ល្បីល្បាញ​ដូចជា ទឹកជ្រោះ​ប៊ូ​ស្រា ភ្នំ​ណាំ​លៀ …​ដោយបាន​ស្រូបយក​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ ដែល​បាន​ជួយ​ដល់​ជីវភាព​របស់​អ្នកភូមិ​ឲ្យ​មាន​ភាព​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕L ដោយៈ​ សាត​ចាន់​បុត្រ​