​តំបន់​អូរ​អាឡៃ ស្ថិតក្រោមការយកចិត្តទុកដាក់​

897
ចែករម្លែក

(​មណ្ឌលគិរី​): កម្លាំងយោធា នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរីមួយ​ចំនួន​ត្រូវបា​នប​ញ្ជួ​ន​ទៅ​បំពេញ​បេសកកម្ម​ នៅ​ចំណុច​អូរ​អាឡៃ  ក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ក្រោម​ការដឹកនាំ​ពី​មេបញ្ជាការ​សឹក​រង​មណ្ឌលគិរី លោក ឃិន ម៉េង​ស្រេង នា​ព្រឹកថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​នេះ​។​

​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​១៥ សីហា ថា ទោះបី​ពេលនេះ សភាព​ការ​បានល្អ​ប្រសើរ​ឡើងវិញ​ក្តី តែ​ការបញ្ជូន​កម្លាំងយោធា​ទៅ​ចំណុច​ខាងលើ គឺជា​កាតព្វកិច្ច​ដ៏​ចាំបាច់​ក្នុងការ​ការពារ​បូរណភាព​ទឹកដី នឹង​ដើម្បី​បញ្ជាក់​ពី​ចំណុច​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា ជៀសវាង​សកម្មភាព​បំពាន​ពី​ភាគី​របស់​ឡាវ​បន្តទៀត​។​

​ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​យោធា​នោះដែរ អភិបាលខេត្ត​មណ្ឌលគិរី បាន​ផ្តាំផ្ញើ​ដល់​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បញ្ហា​សុវត្ថិភាព ការថែរក្សា​សុខភាព ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង​អាច​ប្រឈម​នឹង​ជំងឺ​តម្កាត់​នានា ជាពិសេស​ជំងឺគ្រុនចាញ់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កងកម្លាំង​ទាំងអស់​ត្រូវ​ស្តាប់​នឹង​គោរព​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​ជៀសវាង​នូវ​ករណី​ប្រឈម​ដែល​កើតជា​យថាហេតុ​។​

​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា កម្លាំង​របស់លោក​បាន​ត្រៀ​ម​ខ្លួន​រួចជាស្រេច ដើម្បី​ការពារជាតិ ការពារ​ទឹកដី នឹង​ប្រជាជន​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ជនបរទេស​ណា​ម្នាក់​វាត​យក​ទឹកដី​ខ្មែរ​សូម្បី​មួយ​មី​លី​ម៉ែត្រ​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ អាជ្ញាធរខេត្ត​មណ្ឌលគិរី ក៏បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​និងថវិកាមួយចំនួន។

​ដោយឡែក​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥០០​ដុល្លារ​បន្ថែម​ដល់​កម្លាំងយោធា​សឹក​រង ដើម្បី​រួមចំណែក​ក្នុង​ស្មារតី​ការពារជាតិ​នេះ​​៕L/MN ដោយ​៖ សាត​ចាន់​បុត្រ​