មណ្ឌល​កម្សាន្ត​កាឡាក់ស៊ី​ខេត្តស្ទឹងត្រែង មាន​លក់​ចំណីអាហារ​ហួសការ​បរិច្ឆេទ​ជូន​ភ្ញៀវ​

948
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: មណ្ឌល​កម្សាន្ត​កាឡាក់ស៊ី​នៅ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ត្រូវ​រិះគន់ថា បាន​លក់​ចំណីអាហារ​ជូន​ភ្ញៀវ​សុទ្ធតែ​ផលិតផល​ផុតកំណត់​ប្រើប្រាស់ អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។ តែ​មិនមាន​មន្ត្រី​ជំនាញ​ណា ចុះទៅ​ពិនិត្យមើល​នោះទេ​។​

​មណ្ឌល​កម្សាន្ត​កាឡាក់ស៊ី គឺជា​កន្លែង​កម្សាន្ត​ដ៏​ល្បីឈ្មោះ មាន​ថៅកែ​ពាក់​ផ្កាយ​ជា​នគរបាល និង​មាន​ខ្នងបង្អែក​ធំៗ​។ កន្លែង​កម្សាន្ត​មួយ​នោះ ក្រៅពី​យក​ចំណី​អូរ​សាងសង់​អគារ ថែមទាំង​មាន​លក់​ចំណីអាហារ​ខូចគុណភាព​ផុតកំណត់​រយៈពេល​ប្រើប្រាស់​។

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក គឹម ប្រុស ប្រធាន​សាខា​កាំ​កុង ត្រូល​ខេត្តស្ទឹងត្រែង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨​ថា លោក​ពិតជា​ទទួលស្គាល់​មន្ត្រី​សាខា​កាំកុងត្រូល​របស់លោក មិន​ធ្លាប់បាន​ចុះទៅ​ណែនាំ ដល់​ម្ចាស់​មណ្ឌល​កម្សាន្ត​កាឡាក់ស៊ី​នោះ​មែន​។ តែ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ជាក់ស្តែង​ខាងលើនេះ លោក​នឹង​ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ និង​អប់រំ​ណែនាំ ដើម្បី​បញ្ចៀស​បញ្ហា​ប៉ះពាល់​ដល់​សុខភាព អ្នក​ទទួលទាន​ចំណីអាហារ​នៅ​ទីនោះ​៕ ល​

#