មណ្ឌល​កីឡាហែលទឹក ខេត្តបាត់ដំបង សាងសង់​បាន ៣០ ភាគរយ​ហើយ​

273
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​បាត់ដំបង​៖
លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​ប្រាប់​ឲ្យ​ដឹងថា ការ​សាង​ស់​មណ្ឌល កីឡាហែលទឹក ខេត្តបាត់ដំបង នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ បាត់ដំបង គិត​មកដល់ពេលនេះ ទទួលបាន​លទ្ធផល ៣០ ភាគរយ បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់ នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ។​

លោក ហែម គិរី ពិនិត្យមើល​អាង​ហែល​ទឹក​

​លោក​បាន​បន្តថា ក្នុងនោះ យើង​បាន​បុកគ្រឹះ និង​ចាក់​បាត​អាង រួចរាល់​ហើយ​។ ចំណែក​ប្រព័ន្ធ​ទុយោ ខាងក្រោម​អាង ក៏​ហើយ​ដែរ ស្ថានភាព​នៃ​ការសាងសង់ ល្អ​ខ្លាំងណាស់ ដោយសារតែ​ដី នៅ​ទីនោះ អំណោយផល និង​អាកាសធាតុ​ល្អ​ទៀត អាច​ធ្វើការ​ទាន់ពេលវេលា​កំណត់​។ សម្រាប់​ការចុះទៅ​លើក​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​ទំហំ​ខ្នាត និង​សម្ភារ​បរិក្ខារ ឲ្យ​ត្រឹមត្រូវ តាម​ស្តង់ដារ​អន្តរជាតិ​។​

​សូមបញ្ជាក់ថា “​មណ្ឌល​កីឡាហែលទឹក ខេត្តបាត់ដំបង​” សាងសង់ឡើង លើ​ផ្ទៃដី​ទំហំ ១១២ ម៉ែត្រ គុណ ៦៥​ម៉ែត្រ ប្រើ​រយៈពេល​សាងសង់ ២៤ ខែ​។ អាង​ហែល​ទឹក​នេះ គ្រោង​ប្រើ​ថវិកា​ប្រមាណ ២.០០០.០០០ ដុល្លារ​អាម៉េរិក​។​

​អាង​ហែល​ទឹក​នេះ សាងសង់ឡើង តាម​ស្តង់​អន្តរជាតិ ដែលមាន​ក្រឡា​ផ្ទៃ​អាង បណ្តោយ ២៥ ម៉ែត្រ ទទឹង ២០ ម៉ែត្រ ក្រោម​គំនិត​ផ្តួចផ្តើម របស់​សម្តេច​ក្រឡាហោម ដើម្បី​អាច​ឲ្យ​កីឡាករ -​កីឡា​ការ​នី ទាំង​ជាតិ និង​អន្តរជាតិ ក៏ដូចជា មហាជន​ទូទៅ ខេត្តបាត់ដំបង ធ្វើការ​ហ្វឹកហាត់ កីឡាហែលទឹក​។​

​លោក ហែម គិរី បាន​បញ្ជាក់ថា ការសាងសង់ មណ្ឌល​កីឡាហែលទឹក នៅ​ខេត្តបាត់ដំបង​នេះ ជា​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក ក្នុងការ​អភិ​ឌ្ឍ និង​បណ្តុះបណ្តាល កីឡាករ កីឡា​ការ​នី ឈុត​ធំ និង​ថ្នាល ដើម្បី​ត្រៀម ចូលរួម​ប្រកួត​ព្រឹ​ត្ត​ការណ៍ កីឡា​ថ្នាក់​ខេត្ត ថ្នាក់ជាតិ និង​ការប្រកួត​កីឡា SEA GAMES 2023 នាពេល​ខាងមុខនេះ​៕v