មណ្ឌល​ស្នាក់នៅ និង​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ​ជនពិការភ្នែក ត្រៀម​សាងសង់ នាពេលខាងមុខ​

1060
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រោយពី​មើលឃើញ​ទុក្ខលំបាក របស់​ជនពិការភ្នែក ដែល​គ្មាន​កន្លែង​បណ្តុះបណ្តាល ត្រឹមត្រូវ​នោះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ​សីហនុ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់​ដី​សម្រាប់​សាងសង់​មណ្ឌល​ស្នាក់នៅ និង​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ ជនពិការភ្នែក ហើយ​ត្រៀម​សាងសង់ នាពេល​ខាងមុខនេះ​។

​នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ សមាគម​ជនពិការ បានរៀបចំ​ប្រារ​ព្ឋ​ពិធី​បញ្ចុះបឋមសិលា សាងសង់​មណ្ឌល​ស្នាក់នៅ និង​បណ្តុះបណ្តាល​ជំនាញ​ជនពិការ​ថ្មី ដែល​នឹង​ជួយ​បងប្អូន​ជនពិការ មាន​ទីស្នាក់អាស្រ័យ​ច្បាស់លាស់ ហើយ​និង​ទទួលបាន​នូវ​ជំនាញ​ផ្នែក​សិល្បៈ​ជាច្រើន​ទៀត ផ្តល់ជូន ដើម្បី​លើកតម្កើង​កម្រិតជីវភាព​រស់នៅ​បងប្អូន​ជនពិការ ជា​បន្ថែមទៀត​។​

​ពិធី​ដ៍​មាន​សារៈសំខាន់​នេះ មានការ​ចូលរួម​ពី​លោកស្រី សៀង ចាន់​ហេង​អគ្គនាយិកា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ លោកស្រី វណ្ណ លុយ អគ្គនាយិកា​ក្រុមហ៊ុន​ទឹក​បរិ​សុ​ទ្ឋ​អេ​រ៉ូ​ទិ​ក លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ព្រមទាំង​មន្ត្រី​ប្រចាំ​ខណ្ឌ​ព្រែក​ព្នៅ សិល្បករ​ជនពិការ ជាច្រើនរូប​ផងដែរ​។

​សូមបញ្ជាក់ថា ទីស្នាក់ការ​ខាងលើនេះ មានការ​បណ្តុះបណ្តាល​ជំនាញ​ជនពិការភ្នែក មាន​តន្ត្រី សម័យ ចម្រៀង ពិធីករ ល្ខោន​រឿង​អប់រំ ភ្លេងបុរាណ ម៉ាស្សា អក្សរ​ប្រ៊ែ​ស ។ មជ្ឈមណ្ឌល​ខាងលើ មាន​អាស័យដ្ឋាន​ស្ថិតនៅ​ដីឡូត៍​លេខ​២៩៨​ដេ ភូមិ​ជម្រៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។


​ ​
​លោកស្រី ញ៉ែម មរកត ដែលជា​ប្រធានកិត្តិយស​សមាគម​ជនពិការ​និង​ជា​អាណាព្យាបាល​បងប្អូន ជនពិការ បានឱ្យដឹងថា អគារ​បណ្តុះបណ្តាល​នេះ បានការ​ប្រទាន​ពីស​ម្តេច​យាយ សម្តេចម៉ែ ២​ម៉ឺន ៥​ពាន់​ដុល្លារ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​លើក​ទី​១ ចំនួន​៥​ម៉ឺន​ដុល្លារ ហើយ​ក្រោយមក​ប្រគល់ ជូន ៣ ម៉ឺន​ដុល្លារ​ទៀត​។ អគា​ថ្មី​នេះ មាន​ទំហំ ២០​គុណ​៤០​ម៉ែត្រ​ហើយ​ការសាងសង់​មិន គ្រប់គ្រាន់​នោះទេ គ្រាន់តែ​ជាការ​បើកមុខ​ឱ្យ​សប្បុរជន​នានា ជួយ​បន្តទៀត​ឱ្យ​អគារ​ជនពិការ ភ្នែក​នេះ លេច​ជា​រូបរាង​ឡើង​។

​លោកស្រី ញ៉ែម មរកត បាន​បញ្ជាក់ថា ពីដំបូង​ធ្វើ​តែមួយ​ជាន់​ទេ តែ​ក្រោយមក ក៏​សម្រេច​ធ្វើ​ពីរ ជាន់​។ បន្ទប់​ស្នាក់នៅ ១​បន្ទប់ ៥​ទៅ​៦​នាក់ ដោយ​ទំហំ​បន្ទប់ មាន​៥​គុណ​៦​ម៉ែត្រ​។ លើសពីនេះ ជនពិការភ្នែក​នៅ​កន្លែង​ណា តំបន់​ណា ក៍​អាចមាន​សិទ្ឋិ​មក​រស់នៅ​ទីនេះ បានដែរ អត់​ប្រកាន់​ឡើយ​។ បន្ថែម​ពី​ជំនាញ​ខាងលើ ក៍មាន​បង្ហាត់​សិល្បៈ​ផ្នែក​គំនូរ ឬ​ជំនាញ​ផ្សេងៗ​ទៀត ដើម្បីឱ្យ​ជនពិការ បាន​ស្រាល​ខ្លួន​ពី​ការលំបាក​ខ្លះ​។

​ជាមួយគ្នា​នោះ លោកស្រី សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​ថ្លែងថា លោកស្រី នឹង​ធានា​ជួយ​សាងសង់​បន្ថែមទៀត ពី​ការ​ជ្រោមជ្រែង​របស់​សម្តេចម៉ែ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ លោកស្រី បានឱ្យ​សាងសង់​អគារ​នេះ ចេញ​ជា​រាង​អក្ស​រអិល ហើយ​ផ្តាំ​ផ្ញើឱ្យ​បងប្អូន​ជនពិការ បន្ថែម​ការហាត់​រៀន​ដូចជា​រៀន​ភ្លេងខ្មែរ ពិណ​ពា​ណ្យ ជាដើម ព្រោះ​មាន​ពិធីបុណ្យ​ច្រើនណាស់ សូម្បីតែ​ការ ក៍​គេ​ត្រូវការ​ភ្លេងខ្មែរ​ដែរ​៕ ដោយ​: បូ​រិ​ន​