មណ្ឌល​, តំបន់​, តំណ​, វង្វេង​, វីតាមីន​, វីថិ​, ស្នេហា​, សម្រស់​, សម្រោះ​, សម្មាន​

340
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​មណ្ឌល មន់​-​ឌ​ល់ សំ​. បា​. ( ន​. ) រង្វង់​មូល​, ទី​ដែលមាន​សណ្ឋាន​មូល : មណ្ឌលកីឡា​, មណ្ឌលប្រណាំងសេះ​; វង់​ឬ​ដួងព្រះអាទិត្យ​ឬ​ព្រះចន្ទ្រ : មណ្ឌលព្រះ ចន្ទ្រ​, មណ្ឌលព្រះអាទិត្យ ។ ទី​, ទីប្រជុំ​, តំបន់ : មណ្ឌលបោះឆ្នោត​; ខែត្រ​, ដែន​…​។ ម​. ព​. បរិមណ្ឌល ផង ។ ទី​រួម​ខេត្ត​ក៏​ហៅ មណ្ឌល បានដែរ ។

​តំបន់ ( ន​. ) ទី​; ប៉ែ​កដី​; ប៉ែក​ព្រៃ ជាដើម : ក្នុង​តំបន់​មួយ​, ដី​មួយ​តំបន់​; ព្រៃ​មួយ​តំបន់ ។ ទីស្ដីការ​រាជការ​មួយផ្នែក​តូច មាន​សង្កាត់​ប៉ុណ្ណោះៗ មាន​អ្នករាជការ​ថ្នាក់​លេខាធិការ​ស្រុក​ម្នាក់ ឬ​នាយ​រាជ​តម្រួត​ម្នាក់​ជា​មេ​គ្រប់គ្រង ជា​តំណាង​អភិបាលស្រុក ក៏​ហៅ​តំបន់ ដែរ : តំបន់​អូររាំងឪ (​ក្នុងស្រុក​កោះសូទិន ខែត្រ​កំពង់ចាម​), តំបន់ត្រាំខ្នារ (​ក្នុងស្រុក​បាទី​ខែត្រ​តាកែវ​) ។​ល​។ មេ​តំបន់​មួយៗ ហៅថា ចៅ​តំបន់ (​កាលពីដើម តំបន់ នេះ អាច​ឲ្យ​សរសេរ​ជា ដំបន់ ក៏បាន ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​លែង​ប្រើ​, ត្រូវ​សរសេរ ដំបន់ ចំពោះតែ វាយ​មួយ​ដំបង​ត្រូវ​ដំបន់​យ៉ាង​ធ្ងន់ ឯណោះ​ដោយឡែក​ទៅវិញ​)​។

​តំណ ( ន​. ) កន្លែង​ដែល​ត​, មុខ​ដែល​ត​ភ្ជាប់​គ្នា​; កាល​, គ្រា​, ជំនាន់​, ដែល​ត​គ្នា : តំណខ្សែ​; តំណ​នៃ​វង្ស​ត្រកូល​; ចម្រៀង​នេះ​មាន​តំណ​ពី​រឿង​មុន​មក ។

​វង្វេង ( កិ​. ) ភ្លេច​ឬ​ភ័ន្ត​ស្មារតី​, ភ័ន្ត​ផ្លូវ​; ភ័ន្ត​ដំណើរ​គ្នា​; ច្រឡំ​ចាំ​ពុំបាន​; ស្រវឹងចិត្ត​ជ្រប់ : វង្វេងកាម ស្រវឹង​កាមគុណ ។ វង្វេងគ្នា បែក​មិន​ចួប​គ្នា​ក្នុង​វេលា​ដើរ​ដំណើរ ព្រោះ​ភ័ន្តច្រឡំ​ផ្លូវ ។ វង្វេងចិត្ត ភ័ន្ត​ចិត្ត ។ វង្វេងជាតិ ភ័ន្ត​កំណើត​ទៅ​កើត​តាម​យថាកម្ម ខុស​បំណង ។ វង្វេងទិស ភ័ន្តច្រឡំ​ទិស ។ វង្វេងផ្លូវ ភ័ន្តច្រឡំ​ផ្លូវ ខុស​បំណង​ដែល​ត្រូវ​ទៅ ។ វង្វេងស្មារតី ភ័ន្ត​ស្មារតី​ចាំៗ​ភ្លេចៗ ឬ​បាត់ៗ ឃើញៗ ។​ល​។

​វីតាមីន –​មីន បារ​. ( ន​. ) (Vitamine) ឱជា​, ឱជា​រស​, ជីវជាតិ ឬ​ជីព​ជាតិ គឺ​ឱជា​រស​របស់ ផ្លែឈើ​ជាដើម​ដែលមាន​តាម​ធម្មតា​ដើម ជា​រស​ឆ្ងាញ់​ស្រាប់​ពី​កំណើត : ដាំបាយ​កុំ​ផាត់​ទឹក បាយ​ចោល ព្រោះ​នាំ​ឲ្យ​ខាត​វីតាមីន របស់​អង្ករ​… ។

​វីថិ សំ​. បា​. ( ន​. ) ផ្លូវ​, ថ្នល់​; ជាយព្រៃ​; ជួរ​, សង្កាត់​, ប៉ែក (​ប្រើ​ក្លាយជា វិថី ក៏មាន​) ។ វីថិចិត្ត ចិត្ត​ដែល​ត្រាច់​ទៅតាម​ផ្លូវ​អារម្មណ៍​, ចិត្ត​ដែល​កើត​ដោយ​សង្កាត់​, ដោយ​ប៉ែក (​ព​. អ​.) ។ វីថិសិង្ឃាដក (–​ដៈកៈ ឬ​–​ដក់​) ថ្នល់​បែក​បី​ឬ​បែក​បួន​, ផ្លូវត្រឡែង កែង ។ គោ​វីថិ ឬ គោ​ណ​– ផ្លូវ​គោ ។

​ស្នេហា ស្នែ​ហា សំ​.; បា​. ( ន​. ឬ គុ​. ) (​ស្នេហ​; សិនេហ ឬ ជា ស្នេហ ដូច សំ​. ដែរ​) សេចក្ដី ស្រឡាញ់​ស្និទ្ធ​, សេចក្ដីស្រឡាញ់​ជាប់ចិត្ត ស្អិត​ដូច​ជ័រ : ដោយ​ស្នេហា​, មាន​ស្នេហា​, ព្រោះ ស្នេហា​, ពេញ​ស្នេហា ព​. ពុ​. ថា : ស្នេហា​សុទ្ធតែ​កើតមាន​ឯងៗ ព្រោះ​ជា​ស្វ័យប្រវត្តិ​ឥត​ចាំ បាច់​រៀន​ទេ សត្វលោក​រមែង​ចេះ​ឯង​ដឹង​ឯង​តាម​ធម្មតា​ស្រេចស្រាប់​ពី​កំណើត​ព្រោះ សាធារណ​សត្វ​មាន​អវិជ្ជា​, តណ្ហា​, កម្ម​ជាដើម​ជា​ប្រភព​សូម្បី​សុខុមសត្វ​តូចតាច​ក៏មាន​ស្នេហា ដែរ ដោយ​ឥត​បាច់​រៀន​ពី​គ្រូ​ណា​ឡើយ​… (​ម​. ព​. ស្នេហ៍ ១ កិ​. និង ស្នេហ៍ ២ ន​. ទៀតផង​) ។​

​សម្រស់ សំ​-​រ៉ស់ ( កិ​. ) ធ្វើ​ឲ្យ​ស្រស់ទឹក : ផាត់​បាយ​សម្រស់​ទឹក ។ ន​. ការ​ស្រស់​, ការល្អ​ល្អះ​, ភាព​ប្រិមប្រិយ : មាន​សម្រស់​ល្អ​ណាស់​, បញ្ចេញ​សម្រស់​ដ៏​ឆើតឆាយ ។

​សម្រោះ សំ​-​រ៉ោះ ( កិ​. ) ធ្វើ​ឲ្យ​សោះ​, ឲ្យ​ស្ងួត​, ឲ្យ​អស់​រសជាតិ : សម្រោះ​ឲ្យ​អស់​ទឹក​; ព​. ប្រ​. ចាយ​ទ្រព្យ​របស់​អស់រលីង : សម្រោះទ្រព្យ ។

​សម្មាន ស័​ម​-​ម៉ាន ឬ​–​ម៉ា​ន៉ៈ សំ​.; បា​. ឬ សំ​. ( ន​. ) (​សំ​មាន​) សេចក្ដី​រាប់អាន​, ការ​រាប់រក​; សេចក្ដី​គោរព​, សេចក្ដី​គួរសម (​ម​. ព​. សក្ការសម្មាន ផង​) ។ សម្មានភាព (​ស័​ម​-​ម៉ា​ន៉ៈ​ភាប​) ដំណើរ​រាប់អាន​គ្នា​: សម្ដែង​សម្មានភាព រកគ្នា​ទៅវិញទៅមក ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា