មនុស្សចំនួន២៨នាក់នៅក្នុងស្រុក​ពួក ពុលត្រីប្រៃកំពិស

218
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីអំឡុងម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩​នេះ មានមនុស្សប្រុសស្រីក្មេងចាស់ចំនួន២៨នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់អាយុ ៦៨ឆ្នាំ នៅពីរឃុំក្នុងស្រុកពួក គឺឃុំពួក និង ឃុំខ្នាត បានពុលត្រីប្រៃកំពិស តែមិនធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។

សមត្ថកិច្ចនគរបាលស្រុកពួកបានឲ្យដឹងថា មនុស្សដែលបានពុលត្រីប្រៃកំពិស គឺនៅក្នុងឃុំពួកមានចំនួន ២១នាក់ រួមមាន៖ នៅភូមិប្រយុទ្ធចំនួន១៣នាក់ ក្នុងនោះស្រីចំនួន​៦នាក់ ភូមិ គោក ស្រុកចំនួន០៥នាក់ ស្រីទាំងអស់, ភូមិកំពង់តាយ៉ងចំនួន ០១នាក់ ជាមនុស្សស្រី និង ភូមិចំបក់ហែចំនួន០២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និង ភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់ ។

សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពិស ទៅធ្វើម្ហូបហូបជាមួយបាយ និងក្រោយការហូបត្រីប្រៃកំពិសមក ក៏កើតមានអាការៈពុលក្អួតចង្អោរ ក៏បានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកពួក មណ្ឌលសុខភាពទឹកវិល មណ្ឌលសុខភាពខ្នាត នៅគ្លីនិចឯកជន និង អ្នកជំងឺមួយចំនួនបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន ។

សមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា អ្នកផលិតត្រីប្រៃកំពិស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃលក់ផ្សារពួកជាអចិន្ត្រៃយ៍ ហើយករណីនេះ សមត្ថកិច្ច និងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕B/