មនុស្ស​គេង​ច្រើន​ងាយ​ស្លាប់​ជាង​មនុស្ស​គេង​តិច​

913
ចែករម្លែក

​ការ​គេង​ច្រើនជាង ១០ ម៉ោង ក្នុង​១​ថ្ងៃ ធ្វើ​ឲ្យ​កើន​ហានិភ័យ​ឆាប់​ស្លាប់ ដោយសារ​ជំងឺ​បេះដូង​, ស្ត្រូ​ក និង​ទឹកនោមផ្អែម ឡើងដល់ ៤០% ចំពោះ​ស្ត្រី ។​

​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​សេ​អ៊ូ​ល​នៅ​កូរ៉េខាងត្បូង បាន​វិភាគ​ទម្លាប់​ទទួលទានដំណេក និង​ទិន្នន័យ​សុខភាព​របស់​មនុស្សពេញវ័យ ១៣៣.៦០៨ នាក់ ដែលមាន​អាយុ​ពី ៤០ ទៅ ៦៩ ឆ្នាំ ។​

​លទ្ធផល​បង្ហាញថា អ្នក​គេង​តិចជាង ៦ ម៉ោង ក្នុង​១​ថ្ងៃ បាន​ប្រឈម​នឹង​ជំងឺ​ដូចជា​ស្ត្រេ​ស​, សរសៃឈាម​បេះដូង​… ប៉ុន្តែ អ្នក​គេង​ច្រើនជាង ១០ ម៉ោង ក្នុង​១​ថ្ងៃ កាន់តែ​ប្រឈម​គ្រោះថ្នាក់​ជាង ហើយ​ហានិភ័យ​ឆាប់​ស្លាប់​កើន​ដល់ ២៨% ចំពោះ​បុរស និង ៤០% ចំពោះ​ស្ត្រី ។ ករណី​ឆាប់​ស្លាប់​ទាំងនេះ គឺ​បណ្តា​លពី​ជំងឺ​បេះដូង​, ស្ត្រូ​ក​, ទឹកនោមផ្អែម​ប្រភេទ​២ ។​

​ក្នុងពេលនោះ ហានិភ័យ​ឆាប់​ស្លាប់​ដោយសារ​មូលហេតុ​៣​នេះ នឹង​កើន​១២% ចំពោះ​បុរស​ប្រសិន​គេង​តិចជាង ៦ ម៉ោង ។ រីឯ​ស្ត្រី​ហាក់ដូច​សំណាងល្អ​ជាង ប្រសិន​គេង​មិន​គ្រប់​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​មិន​រកឃើញ​ការកើនឡើង​នូវ​ហានិភ័យ​ច្បាស់លាស់​នៅ ៣ បញ្ហា​សុខភាព​ខាងលើ ។​

​ពេលវេលា​គេង​ត្រូវបាន​ចាត់ទុកថា​ឥទ្ធិពល​ដល់​អ័រម៉ូន​ពាក់ព័ន្ធ​ដល់​ភាព​ឃ្លាន​, បរិមាណ​កាឡូរី និង​ប្រើប្រាស់​ថាមពល ។ ការ​គេង​ច្រើនពេក ឬ តិចពេក សុទ្ធតែ​ធ្វើ​ឲ្យ​ច្របូកច្របល់​ប្រព័ន្ធ​ទាំងនេះ​។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ លោក ក្លែ គីម ( Claire Kim)​បាន ទូន្មាន​ថា​«​ដើម្បី​លើកកម្ពស់​សុខភាព​ទូទៅ​, មនុស្សពេញវ័យ​គួរ​គេង​ពី ៧ ទៅ ៨ ម៉ោង ក្នុង​១​ថ្ងៃ​», ៕ ប្រែ​សម្រួល​: រតនៈ​