មនុស្ស​ចាស់​ក្មេង​៥​នាក់​ពុល​បង្អែម​បាយដំណើប​សង់ខ្យា នៅ​ស្រុក​អន្លង់វែង​

1359
ចែករម្លែក

ដោយ​: គូលែន / ឧ​ត្ត​រ​មានជ័យ​: យ៉ាងហោចណាស់ ក៏មាន​មនុស្ស​ចាស់ ក្មេងប្រុស​ស្រី ចំនួន​០៥​នាក់ បាន​ក្អួត​រាក​ចង្អោ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ដើម្បី​សង្គ្រោះ​ព្យាបាល បន្ទាប់ពី​ពួកគាត់​បាននាំគ្នា​ទិញ​បង្អែម​បាយដំណើប​សង់ខ្យា បាយដំណើប​ធុ​រេ​ន ពង​ទា​ខ្ទិះដូង ដែល​គេ​លក់​តាម​ម៉ូតូ​ចល័ត នៅមុខ​ផ្សារ​ស្រុក​អន្លង់វែង ខ្ចប់​យកទៅ​ហូប​នៅផ្ទះ​រួចមក​។ ហេតុការណ៍​ពុល​បង្អែម​បាយដំណើប​សង់ខ្យា បាយដំណើប​ធុ​រេ​ន ពង​ទា​ខ្ទិះដូង នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៤៥​នាទី ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​បញ្ជាក់ថា មនុស្ស​ចាស់ ក្មេងប្រុស​ស្រី​ចំនួន​៥​នាក់ ដែល​ពុល​បង្អែម​បង្អែម​គឺមាន​ទី​១ ឈ្មោះ ឡុង ថេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ ,​ទី​២ ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ សិស្សសាលា​, ទី​៣ ឈ្មោះ ហេង សុ​ផា​រី ភេទ​ស្រី អាយុ​១២​ឆ្នាំ​, ទី​៤ ឈ្មោះ ហេង វាសនា ភេទ​ប្រុស​អាយុ​៣​ឆ្នាំ ,​និង​ទី​៥ ឈ្មោះ វិញ ស្រី​នាង ភេទ​ស្រី អាយុ​៦​ឆ្នាំ​។ អ្នក​ទាំង​៥​នាក់​រស់នៅ​ភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំងអស់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕ ល​