មនុស្ស​ចាស់​នៅ​ហុងកុង​ ដើរ​ក្បួន​តវ៉ា​តាម​ដងផ្លូវ​ដើម្បី​គាំទ្រ​បាតុករ​វ័យក្មេង​

386
ចែករម្លែក

​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​គួរឱ្យ​គោរព​នៅ​ហុងកុង​បាន​ដើរ​ដង្ហែ​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា ខណៈដែល​មនុស្ស​ចាស់​នៃ​ទីក្រុង​នេះ​បានបង្ហាញ​សាមគ្គីភាព​ចំពោះ​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុមយុវជន​។​

​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​នៅក្នុង​អ្វីដែល​គេ​ហៅថា “​ការដើរ​ក្បួន​សក់ស្កូវ​” ដែល​គេ​សន្ម​តថា​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ដល់​ថ្នាក់ដឹកនាំ​ទីក្រុង​ហុងកុង​ដែល​គាំទ្រ​ប៉េកាំង​ថា ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ច្រើន​លើសលប់​គឺ​គាំទ្រ​បាតុករ​វ័យក្មេង​។​

​ហុងកុង​បាន​រង្គោះរង្គើ​ជាង​មួយខែ​ដោយសារ​ការតវ៉ា​ដោយ​សន្តិវិធី​ធំៗ​ជាច្រើន រួមទាំង​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​ដាច់ដោយឡែក​ជាមួយ​ប៉ូលិស ដែល​បង្កឡើង​ដោយ​ច្បាប់​មួយ អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​អ្នកទោស​ទៅ​ចិនដីគោក​និង​ប្រទេស​ដទៃទៀត​។​

​កាលពី​ខែ​មុន រដ្ឋសភា​ត្រូវបាន​លុកលុយ​ដោយ​ក្រុមបាតុករ​រាប់រយ​នាក់ ដឹកនាំ​ដោយ​ក្រុមយុវជន​នៅក្នុង​ឈុត​ឆាក​មួយ មិន​ធ្លាប់មាន​ពីមុនមក​។​

​តាំងពី​ពេលនោះ​មក សេចក្តីព្រាងច្បាប់​បត្យាប័ន​នេះ​ត្រូវបាន​ផ្អាក ប៉ុន្តែ​ការផ្អាក​នោះ​ជួយ​បាន​តិចតួច​ណាស់​ដើម្បី​ទប់ស្កាត់​កំហឹង​សាធារណៈ ដែល​បាន​វិ​វត្ត​ទៅជា​ចលនា​ទូលំទូលាយ​មួយ ដែល​អំពាវនាវ​ឱ្យមាន​ការកែទម្រង់​ប្រជាធិបតេយ្យ ការបោះឆ្នោត​ជាស​កល និង​ការបញ្ឈប់​ការធ្លាក់ចុះ​សេរីភាព​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពាក់កណ្ដាល​ស្វយ័ត​នេះ​។​

​ការប៉ះទង្គិច​គ្នា​ដ៏​សហាវ​បំផុត​មួយចំនួន​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ នៅពេលដែល​ប៉ូលិស​បង្ក្រាប​កុបកម្ម បាន​វាយប្រហារ​ក្រុមអ្នកតវ៉ា ដែល​គប់​កាំជ្រួច​ផ្សែង​ចូលក្នុង​ផ្សារ​ទំនើប​មួយ​។ មនុស្ស ២៨ នាក់​បាន​រងរបួស ​រួមទាំង​មន្ត្រី ១០ នាក់​។​

​បាតុករ​ចាស់ៗ​ជាច្រើន​ជួរ​បាន​ដើរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ក្រោម​កម្តៅ​ត្រូពិច​ដ៏​ក្តៅ ដើម្បី​បង្ហាញ​ការគាំទ្រ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​វប្បធម៌​ហុងកុង កន្លែង​ដែល​ការគោរព​ចាស់ទុំ​នៅតែ​ជា​រឿង​សំខាន់​។​

​បាតុករ​ចំណាស់​ម្នាក់​បាន​កាន់​បដា​មួយ​សរសេរថា “​យុវជន​ទាំងអស់គ្នា ពុក​ចេញ​មកហើយ​”​។​

​អ្នកផ្សេង​ទៀត​បាន​សរ​សេរ​សារ​តវ៉ា​លើ​ជញ្ជាំង​នៅក្រៅ​សភា​ថា “​កូនៗ​ទាំងអស់គ្នា​មិន​នៅ​ឯកោ​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស/Ha

មនុស្ស​ចាស់​នៅ​ហុងកុង​ដើរ​ក្បួន​តវ៉ា​កាលពី​ថ្ងៃ​ពុធ​ដើម្បី​គាំទ្រ​បាតុករ​វ័យក្មេង