មនុស្ស​ចាស់ ជា​ធនធាន​មិនអាច​ខ្វះ​បាន សម្រាប់​អ្នកជំនាន់ក្រោយ​

225
ចែករម្លែក

ដោយ​៖ បូកគោ​
​កំ​ពតៈ
ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២១ ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១ តុលា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​សាលាស្រុក​ឈូក លោក នៃ គង់ អភិបាលរង​ខេត្តកំពត បាន​មានប្រសាសន៍ថា មនុស្ស​ចាស់​ជា​បុព្វការី​ជន ដែល​បាន​បង្កើត​ធនធាន ដ៏​មាន​សារប្រយោជន៍ ព្រមទាំង​មាន​តួនាទី​សំខាន់ ក្នុង​ការកសាង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​។ មនុស្ស​ចាស់​បានផ្តល់​ការអប់រំ​ចំណេះដឹង​ទូទៅ និង​បទពិសោធន៍​ដ៏​ច្រើន​រាប់មិនអស់​សម្រាប់​អ្នកជំនាន់ក្រោយ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្តថា ផ្ដើមចេញពី​ចំណុច​វិជ្ជមាន​ទាំងនេះ ទើប​គណៈកម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ ត្រូវបាន​បង្កើតឡើង ក្នុង​បំណង​លើកស្ទួយ​សុខុមាលភាព អ្នកមានគុណ ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ នេះ​ក៏​ជាការ​រួមចំណែក​ក្នុង​កិច្ច​អនុវត្ត​គោលនយោបាយ​ជាតិ កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។ លើសពីនោះ រាជរដ្ឋាភិបាល បាន​បង្កើត​មណ្ឌល​បណ្ដុះ​បណ្ដាល អ្នក​ថែទាំ​មនុស្ស​ចាស់ ដើម្បី​គិតគូរ​ចំពោះ​អ្នក​គ្មាន​ទីពឹង ឱ្យមាន​ភាពកក់ក្ដៅ​ឡើង​។​

​លោក​បាន​បញ្ជាក់ថា ជាមួយគ្នានេះដែរ វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិសម្បទា បាន​បង្កើន​សេវាសាធារណៈ ជួយ​ដល់​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ពិសេស​មនុស្ស​វ័យចាស់​ជរា ជា​អាទិភាព​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល បាន​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្ដល់​របប​គោលនយោបាយ សម្រាប់​សេវា​សង្គមកិច្ច ចំពោះ​ជន​ចាស់ជរា ឱ្យ​កាន់​តែមាន​លំនឹង ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ទៀតផង​។​

​លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៧-២០៣០ រដ្ឋបាល​ខេត្តកំពត បាន​បង្កើត​សមាគម​មនុស្ស​ចាស ក្នុង​គោលបំណង​រួមចំណែក សម្រួល​ទុក្ខលំបាក​របស់​មនុ​ស្សចា​ស់ បាន​ចំនួន ៦៥ ឃុំ សង្កាត់ ដោយមាន​សមាជិក ១២.៨៣១ នាក់​។ ដូច្នេះ​សូម​អំពាវនាវ ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និង​ផ្នែក​ពាក់ព័ន្ធ មេត្តា​ផ្ដោត​ការយកចិត្តទុកដាក់ ឱ្យ​កាន់តែ​ខ្លាំងក្លា លើ​ការថែទាំ​មនុស្ស​ចាស់ ជា​ប្រព័ន្ធ ដើម្បី​ធានា​ភាពកក់ក្តៅ សម្រាប់​មនុស្ស​ចាស់​ទូទៅ​៕​v