មនុស្ស​ចំនួន​១៥​នាក់ បាន​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក

453
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​រុន​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ដោយសារ​រថយន្ត​បើក​ធ្លាក់​ផ្លូវ ទៅបុក​នឹង​ដើមឈើ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់ បាន​រងរបួស​ធ្ងន់-ស្រាល។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន បាន​ឲ្យ​ដឹង​ទៀតថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-0069 ដឹក​អ្នក​ដំណើ​រ​ពី​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ក្រុង​ប៉ោយប៉ែត បើកបរ​ពី​កើ​តទៅ​លិច​​បើកបរ​ស្ថានភាព​ងងុយដេក​ ហើយ​ងក់។ លុះដល់​ចំណុច​កើតហេតុ បាន​បើក​ខុសផ្លូវ​ទៅបុក​គល់​ដើម​សង្កែ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​១​នាក់ ភេទ​ស្រី , របួស​មធ្យម​៣​នាក់ ស្រី​ទាំង​៣ នាក់ និង រងរបួស​ស្រាល​ចំនួន​១២​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥នាក់។ ខណៈដែល​រថយន្ត​ខូចខាត​មធ្យម រីឯ​អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​ពេល​កើ​ត​ហេតុ បាន​រត់​គេចខ្លួនបាត់។​

លោ​ក​វរសេនីយ៍ឯក ទេព ពុំសែន បាន​ឲ្យ​ដឹង​បន្ថែមទៀតថា​ ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ស្រុក បាន​ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ ហើយ​បាន​កសាង​សំណុំរឿង ​និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក។ រីឯ​ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល សុខភាព​សសរស្តម្ភ, មន្ទីរពេទ្យបង្អែក​ពួក និង​ពេទ្យ​ឯកជន​ក្នុង​ក្រុង​សៀមរាប៕B/