មនុស្ស​ដែល​បាន​រៀបការ មាន​ហានិភ័យ​តិចតួច​ក្នុង​ការកើត​ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

888
ចែករម្លែក

​ឯកសារ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា អ្នក​ដែល​បាន​រៀបការ​មានឱកាស​តិចតួច​ក្នុង​ការវិវត្ត​ទៅរក​ជំងឺ​សរសៃឈាម​បេះដូង​ឬ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មិនបាន​រៀបការ​។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ទិន្នន័យ​ពី​ការស្រាវជ្រាវ​មុនៗ​ចំនួន ៣៤ ដែលមាន​ការចូលរួម​ពី​មនុស្ស​ជាង ២ លាន​នាក់​។ សរុបមក ពួកគេ​បាន​រកឃើញ​ថាបើ​ប្រៀបធៀប​ទៅនឹង​មនុស្ស​ដែល​បាន​រៀបការ មនុស្សពេញវ័យ​ដែល​បាន​លែងលះ​ឬ​មិនដែល​រៀបការ​សោះ គឺមាន​ឱកាស ៤២ ភាគរយ​វិ​វត្ត​ទៅរក​ជំងឺ​សរសៃឈាម​បេះដូង និង ១៦ ភាគរយ​វិ​វត្ត​ទៅរក​ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​បេះដូង​។​

​អ្នកស្រាវជ្រាវ​បាន​រាយការណ៍​នៅក្នុង​ទស្សនា​វ​ដ្តី Heart ថា មនុស្ស​ដែល​មិនបាន​រៀបការ​ក៏មាន​ឱកាស ៤៣ ភាគរយ ស្លាប់​ដោយសារ​ជំងឺ​បេះដូង​និង ៥៥ ភាគរយ​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

​វេជ្ជបណ្ឌិត ម៉ា​ម៉ាស់ ម៉ា​ម៉ាស់ (Mamas Mamas) មកពី​សាកលវិទ្យាល័យ​គី​ឡេ​ក្នុង​ចក្រភព​អង់គ្លេស​បាន​និយាយថា ខណៈដែល​ការស្រាវជ្រាវ​មិនបាន​ពិសោធ​បញ្ជាក់ថា​តើ​អាពាហ៍ពិពាហ៍​អាចជួយ​បង្កើន​សុខភាព​បេះដូង​បាន​យ៉ាងដូចម្តេច​នោះ មាន​ហេតុផល​ជាច្រើន​ដែលថា​អាពាហ៍ពិពាហ៍​អាចមាន​ប្រសិទ្ធិភាព​ការពារ​ជំងឺ​បេះដូង​បាន រួមទាំង​ស្ថិរភាព​ហិរញ្ញវត្ថុ​និង​ការគាំទ្រ​ផ្នែក​សង្គម​៕ ដោយ៖ កញ្ញាដាលីស