មនុស្ស​បុរាណ​នៅ​អាស៊ី​បូព៌ា​កែ​រូបរាង​លលាដ៍ក្បាល​ឱ្យមើល​ទៅ​ដូច​ស៊ុត​ដើម្បី​បង្ហាញ​ពី​ឋានៈ​និង​ទ្រព្យសម្បត្តិ​កាលពី​១២.០០០​ឆ្នាំមុន​

285
ចែករម្លែក

កំណាយ​ផ្នូរ​បុរាណ​ចិន​បាន​លាតត្រដាង​ពី​លលាដ៍ក្បាល​មនុស្ស​ចាស់​បំផុត ដែល​គេ​កែកុន​រូបរាង​ឡើងវិញ​ដោយ​ចេតនា សម្រាប់​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​បែប​សាសនា​ដើម្បី​បង្ហាញ​ពី​ឋានៈ​និង​ទ្រព្យសម្បត្តិ​។​

​នៅ​ទីតាំង​កំណាយ​ឈ្មោះថា ហ៊ូ​តៅ​មូ​ហ្គា (Houtaomuga) ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​គ្រោងឆ្អឹង​ចំនួន ២៥ ដែលមាន​អាយុកាល​ចន្លោះ​ពី ៥.០០០ ទៅ ១២.០០០ ឆ្នាំមុន ហើយ​លលាដ៍ក្បាល​ចំនួន ១១ មាន​រាង​ដូច​ស៊ុត​។​

​ការអនុវត្ត​កែកុន​លលាដ៍ក្បាល ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ក្រុមមនុស្ស​ឬ​ឋានៈ​សង្គម ដំបូង​ឡើយ​ត្រូវគេ​គិតថា​មាន​អាយុកាល​ចន្លោះ​ពី ៩.០០០ ទៅ ១០.០០០ ឆ្នាំមុន​។​

​ការកែ​រូបរាង​លលាដ៍ក្បាល​នេះ​គឺជា​រឿង​ធម្មតា​នៅក្នុង​វប្បធម៌​កុលសម្ព័ន្ធ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ដូចជា​ម៉ា​យ៉ាន ជនជាតិដើម​អាម៉េរិក​ខាងជើង និង ជនជាតិដើម​កកើត​ដំបូងបង្អស់​លើ​ពិភពលោក​។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Texas A&M University នៅ​ទីក្រុង​ដា​ឡាស និយាយថា លលាដ៍ក្បាល​៥​ក្នុងចំណោម​នោះ​គឺជា​លលាដ៍ក្បាល​របស់​ម​នុស្ស​ពេញវ័យ ក្នុងនោះ​មាន​បុរស ៤ នាក់​និង​ស្ត្រី​ម្នាក់​។​

​អាយុ​នៃ​អ្នកស្លាប់​សម្រាប់​លលាដ៍ក្បាល​ទាំង ១១ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចាប់ពី ៣ ឆ្នាំ​រហូតដល់ ៤០ ឆ្នាំ​។​

​យោងតាម​ការសិក្សា ការកែ​រូបរាង​លលាដ៍ក្បាល​នេះ​គឺធ្វើឡើង​តែ​សម្រាប់​បុគ្គល​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​និង​ក្រុមគ្រួសារ​ជាក់លាក់​មួយចំនួន​ប៉ុណ្ណោះ​។​

​លលាដ៍ក្បាល​កែកុន​របស់​មនុស្ស​អាយុ ៣ ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​កប់​ជាមួយនឹង​គ្រឿង​ស្មូន​និង​វត្ថុ​បុរាណ​ដទៃទៀត ដែល​បង្ហាញថា ក្មេង​នោះ​គឺ​មកពី​គ្រួសារ​អ្នកមាន​ស្តុកស្តម្ភ​។​

​លលាដ៍ក្បាល​របស់​ស្ត្រី​ម្នាក់​នោះ​គឺមាន​គ្រឿង​លម្អ​ធ្វើ​ពី​សំបកខ្យង​ដាក់​នៅ​ជុំវិញខ្លួន​របស់​នាង ដែល​បង្ហាញថា នាង​មាន​ឋានៈ​ខ្ពង់ខ្ពស់​។​

​បុរាណ​នរ​វិទូ ឈ្មោះ ឈាន វ៉ាង និយាយថា “​វា​ដូចជា​ឆាប់​ពេក​ដែល​ប្រាប់ថា​តើ​ការកែ​លលាដ៍ក្បាល​កើតឡើង​ដំបូង​គេ​ចេញពី​អាស៊ី​បូព៌ា និង​រាលដាល​ទៅ​កន្លែង​ផ្សេងទៀត ឬ មាន​ប្រភពដើម​ឯករាជ្យ​ពី​កន្លែង​ផ្សេងទៀត​ឬ​យ៉ាងណា​នោះ​”​។

​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ការ​កែកុន​លលាដ៍ក្បាល​ឱ្យចេញ​រាង​ទ្រវែង​ដូច​ស៊ុត​នេះ​បានកើត​ឡើងជា​យូរលង់​ណាស់​មកហើយ​នៅ​ទីតាំង​កំណាយ ហ៊ូ​តៅ​មូ​ហ្គា គឺ​យូរ​ជាង​ទីតាំង​កំណាយ​បុរាណវិទ្យា​ដទៃទៀត​លើ​ពិភពលោក​។​

​ការកែ​រូបរាង​លលាដ៍ក្បាល​មិនមែនជា​បាតុភូត​ថ្មី​នោះទេ​។ ការកែ​លលាដ៍ក្បាល​ពី​សម័យបុរាណ​គឺមាន​បី​ទម្រង់ គឺ រាង​សំ​ប៉ែ​ត្រ រាង​មូល ឬ រាង​ទ្រវែង​ដូច​ស៊ុត​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​បុរាណ​នៅ​អាស៊ី​បូព៌ា​ពេល​ស្លាប់​ទៅនឹង​ត្រូវគេ​ទាញ​លលាដ៍ក្បាល​ឱ្យ​វែង​ដូច​ស៊ុត ដើម្បី​បញ្ជាក់​ពី​ឋានៈ​និង​ទ្រព្យសម្បត្តិ