មនុស្ស​ប្រមាណ​១០​លាន​នាក់មក​ទស្សនា​ពិធីបុណ្យ​ភ្លើងគោម​តៃវ៉ាន់​ឆ្នាំ​២០១៩​នៅ​ទីក្រុង​ភីង​ទុង​

332
ចែករម្លែក
  • 8
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​ប្រវត្តិសាស្ត្រ​៣០​ឆ្នាំ​ពិធីបុណ្យ​ភ្លើងគោម​តៃវ៉ាន់​ឆ្នាំ​២០១៩(Taiwan Lantern Festival)​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើងជា​លើកដំបូង​នៅ​ទីក្រុង​ភីង​ទុង​កោះ​តៃវ៉ាន់​។​ពិធីបុណ្យ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​បាន​រៀបចំឡើង​ចំនួន​៣​កន្លែង​គឺ​នៅ​តំបន់​ឆកសមុទ្រ​តា​ផឹង​(DapengBay)​ទីប្រជុំជន​តុង​ហ្កា​ង​(Donggang)​និង​ទីក្រុង​ភីង​ទុង​( Pingtung) ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ៣៨ ហិកតា​និង​ផ្ទៃ​ទឹកសមុទ្រ​ចំនួន ២០០ ហិកតា​។​

អ្នកស្រុក​មកពី​ទីក្រុង​ផ្សេងៗ​ដូចជា​តៃប៉ិ​ថៃ​ជុង​ថៃ​ណាន​កាវ​ស៊ុ​ង​និង​តំបន់​ផ្សេងៗ​ទៀត​នៃ​កោះ​តៃវ៉ាន់​បានមក​ជួបជុំគ្នា​និង​ចូលរួម​ទស្សនា​ពិធីបុណ្យ​ភ្លើងគោម​តៃវ៉ាន់​ឆ្នាំ​២០១៩​នៅ​ភីង​ទុង​។​បុណ្យ​នេះ​ធ្វើ​ពីថ្ងៃ​ទី​១៨​ខែកុម្ភៈ​ដល់​៣​មីនាឆ្នាំ​២០១៩​។​ពិធី​សម្ពោធ​ជា​ផ្លូវការ​បាន​ត្រូវធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​អ្នក​សារពត៌មាន​ជាន់ខ្ពស់​មកពី​២០​ប្រទេស​ដែល​រួមមានៈ​កម្ពុជា​(​កាសែត​រស្មី​កម្ពុជា​) ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ជប៉ុន អាមេរិក កាណាដា អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ អ៊ីតាលី អាល្លឺម៉ង់ អេ​ស្តូ​នី ម៉ា​សេ​ដូ​នី​ម៉ុង​ហ្គោ​លី​រុស្សី​ស្រីលង្កា​គូ​វ៉ែត​អាហ្វ្រិក​ខាងត្បូង​ក៏បាន​ត្រូវ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ផ្លើ​ង​គោម​ដ៏​ធំ​នេះដែរ​ក្នុង​ដំណើរ​ទស្សន​កិ​ច្ទ​ទីក្រុង​៥​នៃ​កោះ​តៃវ៉ាន់​ពីថ្ងៃ​១៧​ដល់​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​
​ ​
​ដោយសារតែ​ការហូរចូល​នៃ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ទៅកាន់​ក្រុង Pingtung សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅ​ទីក្រុង Donggang និង​ទីក្រុង Pingtung និង​កន្លែង​ផ្សេងទៀត ក៏ត្រូវ​បាន​កក់​ពេញ​ផងដែរ​។​ការិយាល័យ​ទេសចរណ៍​តៃវ៉ាន់​បានឱ្យដឹងថា​ចំនួន​អ្នកទស្សនា​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃនេះ មាន​ប្រមាណ​១០​លាន​នាក់ ។​

​គេ​សង្កេតឃើញថា​ក្នុង​ពិធីបុណ្យ​នេះ​មាន​ភ្លើងគោម​រាប់ម៉ឺន​និង​ភ្លើង​លំអ​បាន​ត្រូវ​តាំង​បង្ហាញ​នៅតាម​ផ្លូវ​ចូល​រហូតដល់​ទីតាំង​ប្រារព្ធ​ពិធី​ដែល​បង្កើតបានជា​ទស្សនី​យ​ភាព​ដ៍​ស្រស់ស្អាត​និង​គួរ​ជាទី​គយគន់​។​ក្រៅពីនេះ ក៏មាន​ការបាញ់​កាំជ្រួច និង​ការសម្តែង​សិល្បៈ​ផងដែរ​។​អ្នកទស្សនា​អាច​ដើរ​មើល​ស្តង់​ពិព័រណ៍​គោម នីមួយៗ និង​លេងល្បែង​កម្សាន្ត​ផ្សេងៗ ខណៈ​ស្តង់​អាហារ​ជាច្រើន​ស្វា​គម​អ្នកចូលរួម​។​

​សម្រាប់​ឆ្នាំនេះ​ចង្កៀងគោម​ស្នូល​ដ៏​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​គោម​រូបរាង​របស់​ត្រី​ធូ​ណា​ខៀវ​ដ៏​ធំ​ដែល​តំណាងឱ្យ​លាភ​សំណាង និង​សំណាងល្អ ។​គោម​ត្រី​នេះ​បាន​ត្រូវគេ​តុបតែង​លំអ​ចម្រុះ​ពណ៌ តាំងនៅ​ទី​ខ្ពស់​លើ​លំហ​សមុទ្រ និង​វិល​ជុំវិញ​អមដោយ​ការបាញ់​កាំជ្រួច​ចម្រុះ​ពណ៌ គួរឱ្យ​គយគន់​។​
​ក្រៅពី​រូប​ត្រី​តំណាង​លាភ ក៏មាន​គោម​រូប​ជ្រូក​ដែល​ភាសា​ចិន​ហោះ​ថា ហ្វឹ​ង​ជូ ភីង​ហ្គា​ន់​(Fengzhu Pingan) តំណាងឱ្យ​សន្តិភាព និង​ការប្រមូល​ផល​ល្អ​។​ជាមួយ​ភ្នែក​ធំៗ​ភ្លឺ​និង​ទឹកមុខ​ញញឹម បញ្ជាក់ថា វា​ស្វា​គម​អ្នកទស្សនា​និង​ជូនពរ​ឱ្យមាន​សុភមង្គល​។​

​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​លោក​PanMenAn​អភិបាលក្រុង​ភីង​ទុង​បាន​ថ្លែងឱ្យដឹងថា​ពិធីបុណ្យ​ភ្លើងគោម​តៃវ៉ាន់​បាន​ត្រូវគេ​ចាត់ទុកថា​ជា​បុណ្យ​ដ៏​ធំ​ប​ផុត​មួយ​ក្នុងចំណោម​បុណ្យ​ធំៗ​បំផុត​១០​ក្នុង​ពិភពលោក​។​បុណ្យ​ភ្លើងគោម​តៃវ៉ាន់​នេះ​ជា​វេទិកា​សំខាន់​ដើម្បី​ផ្សព្វផ្សាយ ពី​វប្បធម៌ ប្រពៃណី ការចងចាំ និង​រឿងរ៉ាវ​របស់​អ្នកស្រុក​តៃវ៉ាន់​។​លោក​បាន​ឱ្យដឹងទៀតថា វិចិត្រករ​តៃវ៉ាន់ និង​បរទេស​ល្បីៗ​ជាង​១០​រូប បាន​ត្រូវ​អញ្ជើញ​ឱ្យចូល​រួម​បង្ហាញ​ស្នាដៃ ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់គេ​។​

​លោក Wang Wen Tzu វិចិត្រករ​អន្តរជាតិ បាន​តំឡើង​គោម​រូប​ស្ត្រី​កម្ពស់​១៥​ម៉ែត្រ ដែល​ធ្វើ​ពី​លោហៈ ខណៈ​សំពត់​របស់​នាង​ផ្គុំ​ដោយ​សម្បក​លាស​និង​ខ្យង​សមុទ្រ​ចំនួន​៣០​ម៉ឺន​។​គោម​រូប​ស្ត្រី​នេះ​តំណាងឱ្យ​ទេពធីតា​ការពារ​សមុទ្រ​។​គួរ​ជម្រាប​ថា ទីក្រុង​ឆ្នេរ​រ​សមុទ្រ ភីង​ទុង មាន​ផ្ទៃដី​៦៦.០៣​គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាជន​ប្រមាណ​៣០​ម៉ឺន​នាក់​។​ទីក្រុង​នេះ​ធ្លាប់​ស្ថិតក្រោម​អាណានិគម​ជប៉ុន​នៅ​ឆ្នាំ​១៩០១​។​ជប៉ុន​ប្រគល់ឱ្យ​កោះ​តៃ​វា់ន់​វិញ​នៅ​ឆ្នាំ​១៩៤៥៕S/

​ចំណងជើង​រូបថត​៖​ពិធីបុណ្យ​ភ្លើងគោម​តៃវ៉ាន់​ឆ្នាំ​២០១៩(Taiwan Lantern Festival) បាន​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើងជា​លើកដំបូង​នៅ​ទីក្រុង ភីង​ទុង កោះ​តៃវ៉ាន់​(​រូបៈ​សុផល​)