មនុស្ស​ពីងពាង​បារាំង ឡើង​អាគារ​កប់​ពពក​នៅ​ហុងកុង​ដើម្បី​ជំរុញ​អោយ​មាន​សន្តិភាព​

427
ចែករម្លែក

​បុរស​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា បាន​ឡើង​អាគារ​ខ្ពស់កប់ពពក​ដែល​ជា​និម្មិត​រូប​មួយ​នៅ​ហុងកុង​ដើម្បី​ត្រដាង​បដា​ដែល​អំពាវនាវ​អោយ​មាន​សន្តិភាព​រវាង​ហុងកុង​និង​​ចិន នៅពេល​ភាព​តានតឹង​កើនឡើង​នៅ​ទូទាំង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​។​

​តុបតែង​ខ្លួន​ជាមួយ​នឹង​គ្រឿង​ឧបករណ៌​ពណ៌​ចម្រុះ បុរស​ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ពីងពាង​សញ្ជាតិ​បារាំង ដោយសារ​តែ​បាន​ឡើង​អាគារ​ខ្ពស់ៗ​នៅ​ជុំវិញ​ពិភពលោក កាល​​ពី​ព្រឹក​ថ្ងៃ​សុក្រ​បាន​ឡើង​អាគារ​Cheung Kong Centre ចក្រភព​ជំនួញ​របស់​មហាសេដ្ឋី លី កាស៊ី​ង​នៅ​កណ្តាល​ក្រុង​ហុងកុង ដើម្បី​ត្រដាង​ទង់​ដ៏​ធំ​មួយ​នៅ​ជញ្ជាំង​អាគារ​។​

​បដា​នោះ​មាន​រូប​ទង់​ហុងកុង​និង​ចិន នៅ​ពី​លើ​រូប​ចាប់ដៃគ្នា ដោយ​ទំនងជា​ចង់​សុំ​សន្តិភាព ក្រោយ​ការប្រឆាំង​តវ៉ា​និង​ប្រឈម​មុខ​គ្នា​អស់​១១​សប្តាហ៍​រវាង​បាតុករ​ពាក់អាវ​ពណ៌​​ខ្មៅ​និង​ប៉ូលិស​ហុងកុង​។​

បុរស​ពីងពាង​បារាំង លោក អា​ឡាំង រ៉ូ​ប៊ែរ ឡើង​អាគារ Cheung Kong Centre ដើម្បី​ត្រដាង​បដា​សុំ​សន្តិភាព​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា​

​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង ស្គាល់​អ្នក​ឡើង​អាគារ​នេះ​ថា​ជា​បុរស​ពីងពាង​បារាំង លោក​អា​ឡាំង រ៉ូ​ប៊ែរ ដែល​ធ្លាប់​ឡើង​អាគារ​ខ្ពស់ៗ​នៅ​ជុំវិញ​ពិភពលោក​។​

​សកម្មភាព​ដ៏​ទាក់ទាញ​អារម្មណ៍​នេះ​បាន​កើតឡើង​ចំពេល​លោក​លី កាស៊ី​ង​ដែល​អ្នក​ហុងកុង​ហៅថា ស៊ូ​ពែរ​មែន​(Superman)​ដោយសារតែ​ការ​ពូកែ​រកស៊ី​ក្លាយ​ជា​មហាសេដ្ឋី​ហុងកុង​​បាន​ចេញ​មុខ​ក្នុង​កាសែត​ហុងកុង កាលពី​ថ្ងៃ​សុក្រ ដោយ​លោក​បាន​អំពាវនាវ​អោយ​«​ស្រឡាញ់​ហុងកុង ស្រឡាញ់​ចិន ស្រឡាញ់​ខ្លួនឯង​»​។​

​សូមបញ្ជាក់​ថា ពួក​អ្នក​តវ៉ា​ប្រឆាំង​នៅ​ហុងកុង​នៅរ​ក្សាច​លន​ការ​របស់​គេ​អស់​ពេល​ជាង​២​ខែ​មក​ហើយ ទោះជា​ប្រឈម​កំដៅ​ខែប្រាំង ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​យុទ្ធវិធី​កាន់តែ​កាច​​ឡើង​របស់​ប៉ូលិស​។​ចលនា​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ចាប់ផ្តើម​ឡើង​ជាមួយ​នឹង​ការប្រឆាំង​ជំទាស់​នឹង​ច្បាប់​បត្យាប័ន ដែល​អនុញ្ញាត​អោយ​នាំខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​តុលា​​ការ​ចិនដីគោក តែ​វា​បាន​វិវត្ត​ទៅ​ជា​ការតវ៉ា​ហិង្សា និង​រាលដាល់​ទៅដល់​ការទាមទារ​អោយ​មេដឹកនាំ​ហុងកុង​ចុះចេញ​ពី​តំណែង​និង​កំណែ​ទំរង់​ប្រជាធិបតេយ្យ​ផ្សេងៗ​៕​ដោយ​៖​វាសនា​