មនុស្ស​ពីរ​នាក់​ត្រូវបាន​ជួយសង្គ្រោះ ក្នុងពេល​ខ្យល់​កន្ត្រាក់​វាយ​ពន្លិច​ទូក​ក្នុង​ទឹក​បឹង​ទន្លេសាប​

328
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: បុរស​ពីរ​នាក់​ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​ពន្លិច​ទូក​ក្នុង​ទឹក​បឹង​ទន្លេសាប ខណៈ​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​ទៅ​ខេត្តពោធិ៍សាត់​តាមផ្លូវ​ទឹក តែ​ត្រូវបាន​សង្គ្រោះ​ទាន់ពេល​ដោយ​ក្រុម​សមត្ថកិច្ច​។ ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែសីហា លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុងភូមិ​៦ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១.​ឈ្មោះ ជា ប៊ុន​សេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ទី​២.​ឈ្មោះ​សុខ ថាវ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ពួកគេ​មាន​ទីលំនៅ​ភូមិ ផាប់​សណ្តោង ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់​។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ​ពួកគាត់​ទាំងពីរ​នាក់ បាន​ដឹក​ត្រី​មក​លក់​នៅ​សង្កាត់​ចុង​ឃ្នៀ​ស នៃ​ខេត្តសៀមរាប​។ លុះ​ពេល​លក់​ត្រី​រួចហើយ ក៏​បើកកាណូត​ប្រភេទ​ស្មាច់ ឆ្លងទន្លេរ​សាប សំដៅ​ត្រឡប់ទៅផ្ទះ​របស់​ពួកគាត់​វិញ នៅឯ​ភូមិ​ផាប់​សណ្តោង ឃុំ​រាំង​ទិល ស្រុក កណ្តៀង ខេត្តពោធិ៍សាត់​។ ពេលធ្វើ​ដំណើរ​ទៅដល់​ចំណុច បង្គោល​ឡូត៍​លេខ​៤ ស្ថិតនៅក្នុង​ភូមិសាស្ត្រ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ក៏មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ទូក​លិច​តែម្តង​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ កម្លាំង​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប្រជា​ការពារ នៃ​គណៈបញ្ជាការ​ឯកភាព​ក្រុង​សៀមរាប ចេញ​ជួយសង្គ្រោះ និង​នាំមក​មណ្ឌល​សុខភាព​សង្កាត់​ចុង​ឃ្នៀ​ស​វិញ ដោយ​សុវត្ថិភាព​។ ចំណែក​ទូក​ដែល​លិច​នោះ មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​យប់​ងងឹត ហើយ​ក្រុម​សមត្ថកិច្ច និង​បន្ត​ជួយ​ស្រាវជ្រាវ​រក​មកវិញ​នៅ​ថ្ងៃ​បន្ទាប់​៕ ល​

#