មនុស្ស​យន្ត​ចាប់ផ្តើម​បម្រើភ្ញៀវ​ជំនួស​ឱ្យ​អ្នករត់​តុ​នៅ​ភោជនីយដ្ឋាន​ក្នុងប្រទេស​ចិន​

1305
ចែករម្លែក

​អ្នករត់​តុ​រ៉ូ​បូត​មាឌ​ល្អិត​បាន​វារ​ឡើងលើ​តុ លើក​ចាន​ត្រី​សៀង​ហៃ រួច​ប្រកាស​ឮសូរ​តិចៗ​ថា “​សូម​រីករាយ​នឹង​អាហារ​របស់​អ្នក​!”​។​

​ភោជនីយដ្ឋាន​គំរូ​អនាគត​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុត​នៅក្នុង​ការជំរុញ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​ចិន Alibaba ដើម្បី​ធ្វើ​ទំនើបកម្ម​សេវាកម្ម​និង​ការ​លក់រាយ​នៅក្នុង​ប្រទេសមួយ ដែល​មនុស្ស​យន្ត​និង​បច្ចេកវិជ្ជា AI កំពុង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ពាណិជ្ជកម្ម​។​

​ការលើកកម្ពស់​ប្រសិទ្ធភាព​និង​ការកាត់បន្ថយ​តម្លៃ​ពលកម្ម​គឺជា​គោលដៅ​របស់​ភោជនីយដ្ឋាន “Robot.He” របស់​ក្រុមហ៊ុន Alibaba កន្លែង​ដែល​អ្នករត់​តុ​ត្រូវបាន​ជំនួស​ដោយ​មនុស្ស​យន្ត​ទំហំ​ប៉ុន​ម៉ាស៊ីន​ដុត​មាន់ ដែល​ដើរ​ជុំវិញ​តុ​វិល​ក្នុង​បន្ទប់​ទទួលទាន​អាហារ​។​

​លោក កៅ ហៃ​តៅ អ្នកគ្រប់គ្រង​ផលិតផល​របស់​ក្រុមហ៊ុន Alibaba ដែល​បាន​បង្កើត​គំនិត​នេះ​ឡើង​បាន​និយាយថា “​នៅក្នុង​ទីក្រុង​សៀង​ហៃ អ្នករត់​តុ​ម្នាក់​គឹ​ត្រូវ​ចំណាយ​ប្រាក់ខែ​ឱ្យ​រហូតដល់ ១០.០០០ យ័ន (១.៤៦១ ដុល្លារ​) ក្នុង​មួយខែ​។ រាល់​ឆ្នាំ​គឺ​ត្រូវ​ចំណាយ​រាប់ម៉ឺន​ដុល្លារ​។ ហើយ​អ្នករត់​តុ​ប្តូរ​វេន ២ ដង​គឺ​ត្រូវការ​ចាំបាច់​បំផុត​។ ប៉ុន្តែ​យើង​មិនចាំបាច់​ត្រូវការ​ប្តូរ​វេន​២​ដង​សម្រាប់​មនុស្ស​យន្ត​នោះទេ ហើយ​ពួកវា​បំពេញ​កាតព្វកិច្ច​រៀងរាល់​ថ្ងៃ​”​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Alibaba មាន​ទីផ្សារ Hema ៥៧ កន្លែង​នៅក្នុង​ទីក្រុង​ចំនួន ១៣ នៅ​ចិន កន្លែង​ដែល​ផ្សារ​ទាំងនេះ​ទីបំផុត​នឹងមាន​ភោជនីយដ្ឋាន​រ៉ូ​បូត​ទាំងអស់​។​

​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​និយាយថា មនុស្ស​យន្ត​គឺ​ប្រើ​ដើម្បី​បង្ហាញ​ពី​បច្ចេកវិជ្ជា​របស់​ក្រុមហ៊ុន Alibaba ជាជាង​គំរូ​អាជីវកម្ម​នៅក្នុង​ប្រទេស ដែល​តម្លៃ​ពលកម្ម​គឺមាន​កម្រិត​ទាប​។ ប៉ុន្តែ​ភោជនីយដ្ឋាន​រ៉ូ​បូត​នេះ​ក៏​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​យ៉ាង​ឆាប់រហ័ស​ដើម្បី​ចាប់យក​បច្ចេកវិជ្ជា​ថ្មី​នៅក្នុង​ប្រទេសមួយ ដែល​រដ្ឋាភិបាល​កំពុង​ប្រើ​បច្ចេកវិជ្ជា​សម្គាល់​លើ​ផ្ទៃមុខ​ដើម្បី​ឃ្លាំមើល​តាម​ដងផ្លូវ​និង​កំណត់​អត្តសញ្ញាណ​ជន​រំលោភច្បាប់​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ភោជនីយដ្ឋាន “Robot.He” របស់​ក្រុមហ៊ុន Alibaba ដើម្បី​រត់​តុ​ជំនួស​ឱ្យ​មនុស្ស