មនុស្ស​យន្ត​ប៉ូលិស​ចរាចរណ៍​បំពាក់​ជាមួយ​កាមេរ៉ា​សម្គាល់​ផ្ទៃមុខ ចាប់ផ្តើម​ដើរល្បាត​លើ​ដងផ្លូវ​ក្នុងប្រទេស​ចិន​

423
ចែករម្លែក

​ការគ្រប់គ្រង​ចរាចរ​ណ៍​ផ្លូវគោក​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ហើយ​ទីក្រុង​ចិន​មួយ​បាន​សុំ​ជំនួយ​ពី​មនុស្ស​យន្ត​ដើម្បី​រក្សា​ផ្លូវ​ឱ្យមាន​សណ្តាប់ធ្នាប់​។​

​ក្រុមមនុស្ស​យន្ត​ប៉ូលិស​ចរាចរណ៍​មួយក្រុម​បានចាប់ផ្តើម​ចុះ​ល្បាត​នៅ​ទីក្រុង​ហាន់​ដាន់ នៅក្នុង​ខេត្ត​ហឺ​ប៉ី ភាគ​ខាងជើង​ប្រទេស​ចិន​។​

​មនុស្ស​យន្ត Android ដើរ​ដោយ​បច្ចេកវិជ្ជា AI ដែលជា​ប្រភេទ​មនុស្ស​យន្ត​ប៉ូលិស​ដំបូង​គេ​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​បង្ហាញ​ដោយ​អាជ្ញាធរ​ប៉ូលិស​ទីក្រុង​ហាន់​ដាន់​កាលពី​ថ្ងៃ​ពុធ​ទី​៧​សីហា​។​

​យោងតាម​ប៉ូលិស​ចរាចរណ៍​ក្រុម​ហាន់​ដាន់​បានឱ្យដឹងថា មនុស្ស​យន្ត​ប៉ូលិស ៣ ប្រភេទ​ត្រូវបាន​ដាក់ពង្រាយ ក្នុងនោះ​មាន​មួយ​ជំនាញ​ខាង​ល្បាត មួយ​ជំនាញ​ខាង​ផ្តល់ព័ត៌មាន និង មួយទៀត​ជំនាញ​ខាង​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​ផុស​ជា​បន្តបន្ទាប់​នៅលើ​គណនី​ផ្លូវការ​របស់ខ្លួន​នៅលើ Weibo ថា វិស្វករ​បាន​ដំឡើង​កាមេរ៉ា​សម្គាល់​ផ្ទៃមុខ​នៅលើ​ប៉ូលិស​យន្ត​ទាំងអស់នោះ​។​

​មនុស្ស​យន្ត​ល្បាត ដែល​បំពាក់​ជាមួយ​ប្រព័ន្ធ​នាំ​ផ្លូវ​ដោយ​ស្វ័យប្រវត្តិ អាច​កំណត់​អត្តសញ្ញាណ​ស្លាក​លេខ​យានយន្ត និង​ថតរូប​ភាព​យានយន្ត​នោះ​។

​ដោយ​ឈរជើង​នៅតាម​ផ្លូវ​ប្រសព្វ មនុស្ស​យន្ត​ទាំងនេះ​មាន​ភារកិច្ច​បញ្ឈប់​មនុ​ស្ស​កុំឱ្យ​ឆ្លងផ្លូវ​រំលោភ​ភ្លើង​សញ្ញា​ចរាចរណ៍ ដោយ​ស្រែក​ព្រមាន​ទៅ​ជន​រំលោភ​ចរាចរណ៍ និង​ថតរូប​ពួកគេ ប្រសិនបើ​ចាំបាច់​។​

​មនុស្ស​យន្ត​ផ្តល់​ប្រឹក្សា​អំពី​ព័ត៌មាន ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​សាធារណជន​នៅ​ការិយាល័យ​គ្រប់គ្រង​យានយន្ត​។ ពួកវា​អាច​ឆ្លើយ​សំណួរ​ពី​អ្នក​ដែល​មក​ការិយាល័យ​ដើម្បី​ដោះស្រាយ​ឧបទ្ទវហេតុ​ចរាចរណ៍​តាមរយៈ​ការបង្ហាញ​ព័ត៌មាន​លើ​អេក្រង់​នៅលើ​ខ្លួន​វា​។

​មនុស្ស​យន្ត​នេះ​ត្រូវបាន​ដំឡើង​ទិន្នន័យ​មេ ដែល​អាចជួយ​ពួកវា​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែល​ត្រូវបាន​អាជ្ញាធរ​ចាត់ទុកជា “​ជនសង្ស័យ​”​។

​មនុស្ស​យន្ត​ទាំងនេះ​ក៏​បង្កើតឡើង​ដើម្បី​ជួយ​ប៉ូលិស​ចាប់​ជនល្មើស​ផងដែរ​ក្នុងករណី​អាសន្ន​។

​មនុស្ស​យន្ត​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​មនុស្ស​យន្ត​តូច​ជាងគេ​ក្នុងចំណោម​មនុស្ស​យន្ត​ទាំងបី​។ មនុស្ស​យន្ត​នេះ​ត្រូវបានចាត់តាំង​ឱ្យជួយ​ថែរក្សា​សណ្តាប់ធ្នាប់​នៅ​ទីតាំង​កើត​គ្រោះថ្នាក់​ចរាចរណ៍ និង​អាច​បញ្ជា​ពី​ចម្ងាយ​ដោយ​ប៉ូលិស​ជា​មនុស្ស​នៅនឹងកន្លែង​កើតហេតុ​៕ ដោយ៖ កញ្ញាដាលីស