មនុស្ស​យន្ត AI ផ្លែ​បឺ​រី ការ៉េម និង​កណ្តុរ ដឹក​ទៅ​ដល់ដៃ​អវកាសយានិក​ហើយ​

1402
ចែករម្លែក

​ស្ថានីយ៍​អវកាស​អន្ដរជាតិ (ISS) បានទទួល​មនុស​យន្ត AI ជា​លើកដំបូង រួមជាមួយ​ផ្លែ​ប៊ឺ​រី ការ៉េម និង​សត្វ​កណ្តុរ​ប្រផេះ​ដូចៗ​គ្នា​ជាច្រើន​ក្បាល​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​។​

​យានអវកាស​របស់​ក្រុមហ៊ុន SpaceX បាន​ទៅដល់​ស្ថានីយ៍​នេះ ៣ ថ្ងៃ​បន្ទាប់ពី​បាញ់​បង្ហោះ​ចេញពី​តំបន់​ខេ​ប​កា​ណា​វើ​រ៉​ល នៅ​រដ្ឋ​ផ្លរីដា​។​

​អ្នក​អវកាស ISS លោក រីក​គី អា​ណុល បាន​ប្រើ​ដៃ​មេកានិច​ដ៏​ធំ​ដើម្បី​ចាប់យក​យាន Dragon ខណៈ​យានអវកាស​នេះ​បាន​ហោះ​សំកាំង​លើ​លំហ​អាកាស​រំលង​លើ​ទីក្រុង​កេ​ប៊ិក ប្រទេស​កាណាដា​។​

​ការដឹកជញ្ជូន​គ្រឿង​សម្ភារៈ​ផ្គត់ផ្គង់​ទម្ងន់ ២.៧២១ គីឡូក្រាម រួមបញ្ចូល​ទាំង​មនុស្ស​យន្ត Cimon ផងដែរ​។​

​ដោយមាន​ទំហំ​ធំ​ជាង​បាល់បោះ​បន្តិចបន្តួច មនុស្ស​យន្ត AI មកពី​ទីភ្នាក់ងារ​អវកាស​អាល្លឺម៉ង់​នេះ​មានបំណង​ជួយ​អវកាសយានិក​អាល្លឺម៉ង់ អា​ឡិច​សង់​ឌ័​រ ហ្គឺ​ស ជាមួយនឹង​ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​ជាច្រើន​។​

​ខួរក្បាល​របស់ Cimon នឹងត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​ដោយ​ក្រុមហ៊ុន IBM ជានិច្ច ដូច្នេះ​ភាព​ឆ្លាត​វៃ​និង​តួនាទី​របស់​វា​នឹង​នៅតែ​បន្ត​កើនឡើង​។​

​ក៏មាន​សត្វ​កណ្តុរ​ដូចៗ​គ្នា​ជាច្រើន​សម្រាប់​ការសិក្សា​អំពី​ពពួក​បាក់តេរី​ពោះវៀន និង​កាហ្វេ​ខ្លាំង​នៅលើ​យាន Dragon រួមជាមួយ​ការ៉េម និង​ផ្លែ​បឺ​រី​ស្រស់ៗ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

យាន Dragon ដឹក​គ្រឿង​ផ្គត់ផ្គង់​ដល់ដៃ​អ្នក​អវកាស​នៅ​ស្ថានីយ៍ ISS កាលពី​ថ្ងៃ​ចន្ទ
#