មនុស្ស​យ៉ាងតិច ៤០ នាក់​ត្រូវបាន​សម្លាប់​ដោយ​កង​កម្លាំងប្រជាការពារនៅខាងកើត​ប្រទេស​អេ​ត្យូ​ពី​

505
ចែករម្លែក

​មន្ត្រីជាន់ខ្ពស់​មួយរូប​ប្រចាំ​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​សីហា​ថា យ៉ាងហោចណាស់​មនុស្ស ៤០ នាក់​ត្រូវបាន​សម្លាប់ ដោយ​កងកម្លាំងប្រជាការពារនៅ​ភាគ​ខាងកើត​ប្រទេស​អេ​ត្យូ​ពី ក្នុង​ហេតុការណ៍​ហិង្សា​ចុងក្រោយ​បំផុត ដែល​ជំរុញ​ដោយ​ការបែងចែក​ជនជាតិភាគតិច​។​

​ភាពចលាចល​បាន​ផ្ទុះឡើង​ដំបូង​នៅតាម​បណ្តោយ​ព្រំប្រទល់​នៃ​ខេត្ត​សូ​ម៉ាលី​និង​ខេត្ត​អូ​រ៉ូ​មី​យ៉ា​កាលពី​ខែកញ្ញា​ឆ្នាំមុន ដោយ​នាំឱ្យ​មនុស្ស​ជិត​១​លាន​នាក់​ផ្លាស់​ទីលំនៅ ទោះបីជា​អំពើហិង្សា​បាន​ថយចុះ​នៅ​ខែមេសា​ក្តី​។​

​កាលពី​ថ្ងៃ​ចន្ទ​អ្នកនាំពាក្យ​រដ្ឋបាល​ថ្នាក់​តំបន់​របស់​ខេត្ត​អូ​រ៉ូ​មី​យ៉ា លោក ណេ​ហ្គើ​រី លេន​កូ បាន​និយាយថា សមាជិក​ប្រដាប់អាវុធ​ធុន​ធ្ងន់​នៃ​កង​កម្លាំងប្រជាការពារមកពី​តំបន់​សូ​ម៉ាលី ដែល​គេ​ស្គាល់​ថា កងកម្លាំង​លី​យូ (Liyu) បាន​បើក​ការវាយប្រហារ​ឆ្លងកាត់​ព្រំប្រទល់​នៅ​ស្រុក​ហា​រ៉ា​ហ្គេ​ខាងកើត​របស់​ខេត្ត​អូ​រ៉ូ​មី​យ៉ា​។​

​លោក​បាន​និយាយថា យ៉ាងហោចណាស់ ជនជាតិ​អូ​រ៉ូ​ម៉ូ​ចំនួន ៤០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ​។​

​មួយ​សប្តាហ៍​មុននេះ ហ្វូងមនុស្ស​បាន​លួច​ទ្រព្យសម្បត្តិ​ដែលជា​កម្មសិទ្ធិ​របស់​ជ​ន​ជាតិ​ភាគតិច​នៅក្នុង​ទីក្រុង​ជី​ជី​ហ្គា នៃ​ខេត្ត​សូ​ម៉ាលី​។ រដ្ឋាភិបាលកណ្តាល​បាន​និយាយថា ភាពចលាចល​នេះ​ត្រូវបាន​បង្កឡើង​ដោយ​មន្ត្រី​តំបន់​ដែល​មិន​ចុះសម្រុង​ជាមួយ​អាជ្ញាធរកណ្តាល ដែល​កំពុង​ព្យាយាម​ដោះស្រាយ​ការរំលោភ​សិទ្ធិ​នៅក្នុង​តំបន់​។​

​អំពើហិង្សា​ជនជាតិភាគតិច​បាន​រីក​រាលដាល​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍ ១០០ លាន​នាក់​នេះ កន្លែង​ដែល​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្ទុះឡើង​នៅ​តំបន់​អូ​រ៉ូ​មី​យ៉ា​ជុំវិញ​សិទ្ធិ​ដីធ្លី​នៅក្នុង​ឆ្នាំ ២០១៥​។ មនុស្ស​រាប់រយ​នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ក្នុងអំឡុង​រយៈពេល​២​ឆ្នាំ​។​

​អំពើហិង្សា​នេះ​គឺជា​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុងស្រុក ដែល​លោក អា​ប៊ី​យ អា​ម៉េ​ត (Abiy Ahmed) នាយករដ្ឋមន្ត្រី​ទើប​ឡើងកាន់តំណែង​កាលពី​ខែមេសា ត្រូវ​ដោះស្រាយ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស ៤០ នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​កង​កម្លាំងប្រជាការពារ កាលពី​ថ្ងៃ​ចន្ទ