មនុស្ស​រាប់ពាន់នាក់​គ្មាន​ទីជម្រក ខណៈ​ទឹកជំនន់​សម្លាប់​មនុស្ស ១៤៣ នាក់​នៅ​ឥណ្ឌា និង នេ​ប៉ាល់​

866
ចែករម្លែក

​ក្រុមមន្ត្រី​និយាយថា យ៉ាងហោចណាស់ មនុស្ស ១៤៣ នាក់​បាន​ស្លាប់​និង​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​ខណៈដែល​ទឹកជំនន់​រដូវភ្លៀង​មូសុង​បាន​វាយលុក​នៅ​ទូទាំងប្រទេស​នេ​ប៉ាល់​និង​ឥណ្ឌា​។ ក្រុមមន្ត្រី​បាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់​នឹង​កើនឡើង ស្របពេល​ទំហំ​នៃ​ការខូចខាត​កាន់តែ​ឃើញ​ជាក់ច្បាស់​។​

​ភ្លៀង​ឥត​ស្រាកស្រាន្ត​រយៈពេល ៣ ថ្ងៃ​បាន​បង្កឱ្យមាន​ទឹកជំនន់​ភ្លាមៗ​និង​ការបាក់​ដី​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ៧០ នាក់​នៅ​នេ​ប៉ាល់​និង ៧៣ នាក់​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។​

​ប្រជាជន​ប្រហែល ២០០.០០០ នាក់​កំពុង​រស់នៅក្នុង​ជំរំ​សង្គ្រោះបន្ទាន់​នៅ​រដ្ឋ​អាស​សាម​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​ដែល​ទទួលរង​គ្រោះទឹកជំនន់​ជា​ញឹកញាប់​ក្នុងអំឡុងពេល​មាន​ភ្លៀង​មូសុង​ប្រចាំឆ្នាំ​។​

​មនុស្ស ១៥.០០០ នាក់​ផ្សេងទៀត​ត្រូវ​ចាក​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​នៅ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងកើត​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​នេ​ប៉ាល់​ហើយ​មន្ត្រី​មួយរូប​បាន​និយាយថា​ទន្លេ​ចំនួន ៧ ខ្សែ​នៅក្នុង​រដ្ឋ​នេះ ស្ថិតនៅ​កម្រិត​គ្រោះថ្នាក់​។​

​ផ្ទៃដី​ដ៏​ធំ​សម្បើម​របស់​រដ្ឋ​ប៊ី​ហា​ត្រូវបាន​លិច​នៅក្នុង​ឆ្នាំ ២០០៨ នៅពេលដែល​ទន្លេ​មួយ​បាន​ហៀរ​ពី​ច្រាំងទន្លេ​របស់ខ្លួន​ឆ្លងកាត់​ព្រំប្រទល់​ប្រទេស​នេ​ប៉ាល់ ជាមួយ​ប្រទេស​ទាំង​ពីរបាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​គ្រោះមហន្តរាយ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ពលរដ្ឋ​នេ​ប៉ាល់​មើល​ទឹកជំនន់​នៅ​ស្រុក​បឺ​ហ្គា​ន់​ផា​សា នៅ​ភាគខាងត្បូង​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ប្រហែល ២០០ គីឡូម៉ែត្រ