មនុស្ស​រាប់ពាន់នាក់​ចូលរួម​ពិធីបុណ្យ​លិង្គ​ដែក​នៅ​ជប៉ុន​

1484
ចែករម្លែក

​ប្រជាជន​ជប៉ុន​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជា​រៀងរាល់ឆ្នាំ​ដោយ​ដើរ​ក្បួន​តាម​ដងផ្លូវ ជាមួយ​លិង្គ​យក្ស​ក៏ដូចជា​ស្ករ​គ្រាប់ នំ​និង​សម្លៀកបំពាក់​រូបរាង​លិង្គ​ផងដែរ​។ ខណៈដែល​ជនបរទេស​ជាច្រើន​ញញឹម​នៅក្នុង​ប្រពៃណី​ចម្លែក​នេះ បុណ្យ​នេះ​បាន​ចាក់​ឫសគល់​យ៉ាងជ្រៅ​នៅក្នុង​រឿងព្រេង​ជប៉ុន​បុរាណ​។​

​ពិធីបុណ្យ កា​ណា​ម៉ា​រ៉ា ម៉ាត់​ស៊ូ​រី (Kanamara Matsuri) ឬ ពិធីបុណ្យ​លិង្គ​ដែក ត្រូវបាន​ប្រារព្ធ​កាលពី​ថ្ងៃអាទិត្យ​ទី ១ ខែមេសា​ជា​រៀងរាល់ឆ្នាំ​នៅ​ទីសក្ការៈ​កា​ណា​យ៉ាម៉ា (Kanayama) ក្នុង​ខេត្ត​កា​វ៉ា​សា​គិ ប្រទេស​ជប៉ុន​។ នៅ​ថ្ងៃបុណ្យ​នេះ រូបចម្លាក់ “​លិង្គ​” អាច​មើលឃើញ​គ្រប់​ទីកន្លែង សូម្បី​អាហារ​ដូចជា ស្ករ​គ្រាប់ នំ និង បន្លែ ក៏​ត្រូវគេ​ឆ្លាក់​ចេញ​ជា​រូបរាង​លិង្គ​ដែរ​។ វា​ហាក់បីដូចជា​មិន​រំខាន​ដល់​នរណាម្នាក់​នោះទេ ព្រោះ​មនុស្ស​ជាច្រើន​អាច​មើលឃើញ​កំពុង​ញ៉ាំ​អាហារ​ទាំងនោះ​។​

​ប៉ុន្តែ​វា​មិនទាន់​ចប់​ត្រឹមហ្នឹង​ទេ លិង្គ​យក្ស​ជាច្រើន​ត្រូវបាន​យកមក​ដង្ហែ​តាមផ្លូវ​។ មនុស្ស​មួយចំនួន​ថែមទាំង​បាន​ស្លៀកពាក់​ឈុត​រូប​លិង្គ​ទៀតផង​។​

​ពិធីបុណ្យ​ចម្លែក​នេះ​ពិតណាស់​គឺមាន​ឫសគល់​សាសនា​។ គេ​ជឿថា​មាន​អារក្ស​ធ្មេញ​ស្រួច​ម្នាក់​ធ្លាប់​រស់នៅក្នុង “​ទ្វារមាស​” របស់​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​គាត់​ស្រលាញ់ ហើយនឹង​ប្រើ​ធ្មេញ​ស្រួច​របស់គាត់​ដើម្បី​ក្រៀវ “​លិង្គ​ឈ្លានពាន​” ណាមួយ​។ ស្ត្រី​អស់សង្ឃឹម​នោះបាន​ស្នើសុំ​ជំនួយ​ពី​ជាងដែក​ដើម្បី​ជួយ​នាង ហើយ​គាត់​បាន​បង្កើត​លិង្គ​ដែកថែប​សម្រាប់​នាង​។ អារក្ស​នោះ​បាក់ធ្មេញ​អស់រលីង​ដោយសារ​លិង្គ​ដែក​នោះ ហើយ​ពិធីបុណ្យ​លិង្គ​ដែក​នោះ​ក៏​ចាក់ឫស​គល់​នៅ​ទីសក្ការៈ​កា​ណា​យ៉ាម៉ា​រហូតដល់​បច្ចុប្បន្ន​៕ ដោយ៖ កញ្ញាដាលីស