មនុស្ស​រាប់ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​របស់​មី​យ៉ាន់​ម៉ា​ដើម្បី​គាំទ្រ​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើឡើង​ដោយ​កងទ័ព​

348
ចែករម្លែក
  • 5
    Shares

​ក្រុមអ្នកតវ៉ា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​យ៉ាងហ្គោន ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ស្តាប់​សុន្ទរកថា​ដែល​ថ្លែង​ដោយ​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​ជើងចាស់​ខណៈពេល​​ដែល​អ្នកចម្រៀង​បាន​ដឹកនាំ​ក្រុម​អ្នកចូលរួម​ជាមួយនឹង​ការ​ច្រៀង​ថា​” “​ឈប់​ទៅ​របប​ផ្តាច់ការ​យោធា​” នៅ​ក្នុងការ​ធ្វើ​បាតុកម្ម​លើក​ទី​២​នៅក្នុង​ទីក្រុង​នេះ​អស់​រយៈ​​ពេល​មួយ​សប្តាហ៍​។​

​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិប​ត្យេ​(NLD) របស់ លោកស្រី អ៊ុង សាន ស៊ូ​ជី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បាន​ចាប់ផ្តើម​សកម្មភាព​ដ៏​គួរ​ភ្ញាក់ផ្អើល​កាល​ខែ​​មករា​ក្នុង​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​នេះ​ដោយ​ជំរុញ​ឱ្យ​សភា​អនុម័ត​សំណើ​បង្កើត​គណៈកម្មាធិការ​ធ្វើ​វិសោធនកម្ម​ទោះបីជា​មាន​ការជំទាស់​ពី​សមាជិក​សភា​ដែល​មាន​សម្ព័ន្ធភាព​​ជាមួយ​យោធា​ក៏ដោយ​។​

​សំណើ​នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី ចំពោះ​អំណាច​របស់​កងទ័ព​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​មកនេះ​ហើយ​បាន​បង្ក​ឱ្យមាន​ការតវ៉ា​នៅ​សភា​ពី​ក្រុម​អ្នក​​ដែល​ត្រូវបាន​តែងតាំង​ដោយ​កងទ័ព ដែល​បាន​ឈរ​ដោយ​ស្ងៀម​អស់​រយៈពេល​ជាច្រើន​នាទី​ដើម្បី​បង្ហាញ​ពី​ការប្រឆាំង​របស់​ពួកគេ​។​

​ទោះជា​យ៉ាងណា ក្រោយ​មក​វា​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ដែល​គណបក្ស​NLD នេះ​មាន​សំឡេង​ភាគច្រើន​។​

​លោក វីន ថ្វេ អ្នករៀបចំ​ម្នាក់​ក្នុងចំណោម​អ្នករៀបចំ​ការតវ៉ា កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​នោះ បាន​និយាយប្រាប់​សារព័ត៌មាន Reuters​ថា “​យើង​ធ្វើ​ការតវ៉ា​ដើម្បី​គាំទ្រ​គណៈ​កម្មា​ធិ​​ការ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​។ យើង​ឈរ​នៅ​ខាង​ប្រជាជន​”​។​

​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​កងទ័ព​ម្នាក់​បាន​ចោទប្រកាន់ គណបក្ស​NLD ថា​បាន​ប្រើ “​នីតិវិធី​ខុស​”​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​ខ្លួន​បាន​ធ្វើ​ពង្រាង​ក្នុងអំឡុងពេល​គ្រប់គ្រង​ដោយ​យោធា​។​

​នៅក្រោម​រដ្ឋធម្មនុញ្ញ​នេះ យោធា​គ្រប់គ្រង​អាសនៈ​ចំនួន​១​ភាគ​៤​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​សភា​ហើយ​ការផ្លាស់ប្តូរ​ណាមួយ ត្រូវការ​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៧៥​ភាគរយ​​នៃ​ចំនួន​អាសនៈ​សរុប​ដែល​ផ្តល់ឱ្យ​យោធា​នូវ​ការបោះឆ្នោត​វ៉េតូ​ប្រឆាំង​យ៉ាង​ងាយ​។ រដ្ឋធម្មនុញ្ញ​នេះ ក៏​បាន​រាំ​រាំង​លោកស្រី អ៊ុង សាន ស៊ូ​ជី ពី​ក្លាយជា​ប្រធានា​ធីបតី​ផងដែរ ​ដោយ​ហាម​បេក្ខជន​ប្រធានាធិបតី​ដែល​មាន​ប្តី​ឬ​ប្រពន្ធ ឬ​កូន​ជា​ជនបរទេស ។ លោកស្រី អ៊ុង សាន ស៊ូ​ជី មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស ឈ្នោះ Michael Aris ដែល​បាន​ស្លាប់​ទៅហើយ​៕​ដោយ​៖​សុខា​/sn

​អ្នកគាំទ្រ​គណបក្ស​របស់​ស៊ូ​ជី ចេញ​មក​គាំទ្រ​ផែ​ប​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គាំទ្រ​ដោយ​យោធា​