មនុស្ស​រាប់ម៉ឺន​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ទីក្រុង​ញូវដែលី​អំពី​ទីតាំង​សាសនា​ដែលមាន​ជម្លោះ​

493
ចែករម្លែក

ក្រុមអ្នកកាន់សាសនាហិណ្ឌូរាប់ម៉ឺននាក់បានដើរក្បួននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី៩ធ្នូដើម្បីអំពាវនាវឱ្យសាងសង់ប្រាសាទមួយនៅលើទីតាំងសាសនាដែលមានជម្លោះដ៏ក្តៅគគុក។

ក្រុមអ្នករៀបចំបាននិយាយថាពួកគេនឹងមិនផ្លាស់ប្តូរជំហរទេរហូតទាល់តែវិហារធំមួយត្រូវបានកសាងនៅទីក្រុងអាយុទ្យា(Ayodhya) ភាគខាងជើងនៃប្រទេសនេះ។តំបន់នេះ គឺជាចំណុចនៃជម្លោះដ៏តានតឹងជាយូរមកហើយរវាងក្រុមអ្នកកាន់សាសនាហិណ្ឌូនិងអ៊ីស្លាម។

ក្រុមអ្នកកាន់សាសនាហិណ្ឌូជឿថាទីតាំងសាសនានេះគឺជាកន្លែងកំណើតនៃព្រះLord Ramដ៏គោរពបូជារបស់ពួកគេ ប៉ុន្តែក្រុមអ៊ីស្លាមនិយាយថាពួកគេបានថ្វាយបង្គំសូត្រធម៌នៅទីនោះ ជាច្រើនជំនាន់មកហើយ។

តំបន់នេះ មានព្រះវិហារអ៊ីស្លាមមួយនៃមជ្ឈិមសម័យអស់រយៈពេលជាង៤៥០ឆ្នាំមកហើយរហូតដល់ក្រុមហិណ្ឌូបានវាយបំផ្លាញវាចោលនៅឆ្នាំ១៩៩២ដែលបង្កឱ្យមានកុបកម្មរីករាលដាលខ្លាំង​ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

មនុស្សជាង៥០.០០០នាក់ បានដើរជាក្បួនដ៏ធំកាលពីថ្ងៃអាទិត្យ ដែលរៀបចំធ្វើដោយក្រុមអ្នកជាតិនិយមហិណ្ឌូដ៏តឹងរឹង ដែលបានអំពាវនាវឱ្យសាងសង់ប្រាសាទមួយនៅទីតាំងនោះ៕ដោយ៖សុខា/sn