មនុស្សប្រមាណជា៧០០ នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យទី១ខែធ្នូដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជីខណៈដែលលោកស្រីត្រៀមថ្លែងការពារប្រទេសនេះ ពីការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ។
ក្រុមសមាជិកនៃគណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជីបានប្រមូលផ្តុំគ្នានៅមុខសាលាក្រុងយាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ានៅពេលដែល ហ្វូងមនុស្សគ្រវីទង់ជាតិនិងស្តាប់តន្ត្រីនិងកំណាព្យ។
អ្នកចម្រៀងក្នុងស្រុកដ៏មានប្រជាប្រិយម្នាក់បានប្រាប់ពួកគេថា “អ្នកម្ដាយ អ៊ុងសាន ស៊ូជី គឺជាមនុស្សក្លាហានបំផុតនៅលើពិភពលោក ហើយអាវុធរបស់គាត់ គឺក្តីស្រឡាញ” ។
មនុស្សជាច្រើនកាន់បដាដែលសរសេរថា”យើងឈរជាមួយអ្នក គឺអ្នកម្តាយ អ៊ុងសាន ស៊ូជី “។
ករណីនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិនៅក្រុងឡាអេនោះ គឺទាក់ទងនឹងយុទ្ធនាការប្រឆាំងការបះបោរដ៏ឃោរឃៅដែលធ្វើឡើងដោយយោធាមីយ៉ាន់ម៉ាប្រឆាំងក្រុមសមាជិកនៃក្រុមជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ារបស់ប្រទេសនេះកាលពីខែសីហាឆ្នាំ ២០១៧ ដើម្បីឆ្លើយតបនឹងការវាយប្រហារបះបោរ។
ជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០០.០០០នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដើម្បីរត់គេចពីអ្វីដែលត្រូវបានគេហៅថា យុទ្ធនាការបោសសម្អាតជនជាតិភាគតិចដែលពាក់ព័ន្ធនឹងការចាប់រំលោភ ការសម្លាប់និងការដុតបំផ្លាញផ្ទះ។
ប្រធានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិអំពីមីយ៉ាន់ម៉ាបានព្រមានកាលពីពេលថ្មីៗនេះថា”មានហានិភ័យធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍ដែលកើតឡើងជាថ្មី “។
ប្រទេសហ្គំប៊ីបានប្តឹងករណីនេះនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក តាងនាមអង្គការសហប្រតិបត្តិការអ៊ីស្លាម(OIC) ។
ករណីនេះចោទប្រកាន់ថាសកម្មភាពរបស់មីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាគឺជាអំពើប្រល័យពូជសាសន៍ពីព្រោះពួកគេមានបំណងបំផ្លាញក្រុមជនរ៉ូហ៊ីងយ៉ាទាំងមូលឬជាផ្នែក។
មីយ៉ាន់ម៉ាបានបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះ ប៉ុន្តែនិយាយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចំពោះអ្នកធ្វើខុស ប្រសិនបើ មានភស្តុតាងគ្រប់គ្រាន់នោះ៕ដោយ៖សុខា/sn
មនុស្សជាច្រើនប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រដល់ អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាងហ្គោន កាលពីថ្ងៃអាទិត្យ នៅមុនពេលលោកស្រីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ