មនុស្ស​រាប់សិប​នាក់​លង់ទឹក​ស្លាប់ ខណៈ​ទូក​លិច​ក្បែរ​ឆ្នេរ​ម៉ូ​រីតា​នី​

191
ចែករម្លែក

​ជនអន្តោប្រវេសន៍​យ៉ាងតិច ៦២ នាក់​ដែល​កំពុងធ្វើដំណើរ​តាម​ទូក​បណ្តោះអាសន្ន បាន​លង់ទឹក​ស្លាប់​នៅក្បែរ​ឆ្នេរសមុទ្រ​ម៉ូ​រីតា​នី ដែលជា​ការបាត់បង់​អាយុជីវិត​ដ៏​អាក្រក់​បំផុត​នៅ​ឆ្នាំនេះ​នៅតាម​បណ្តោយ​ផ្លូវ​ធ្វើ​ចំណាកស្រុក​ឆ្លងកាត់​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងលិច​ឆ្ពោះទៅកាន់​អឺរ៉ុប​។​

​អ្នក​នៅរស់​រាន ៨៣ នាក់​បាន​ហែល​ទៅ​ច្រាំង​បន្ទាប់ពី​ទូក​របស់​ពួកគេ​ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​កោះ​កា​ណា​រី​របស់​អេ​ស្ប៉ា​ញ​បាន​ក្រឡាប់​លិច​នៅពេល​វា​បុក​ថ្ម​។​

​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ម៉ូ​រីតា​នី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ថា “​ជន​ចំណាកស្រុក​ទាំងនេះ​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​លួចលាក់​ដែល​ព្យាយាម​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ពី​ទីក្រុង​បាន់​ជុល​ ក្នុងប្រទេស​ហ្គាំ​ប៊ី​”​។​

​ចំនួន​អ្នកស្លាប់​ដំបូង ៥៨ នាក់​ដែល​បានផ្តល់​ដោយ​អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​បាន​កើនឡើង​ដល់ ៦២ នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ ខណៈ​សាកសព​ជាច្រើន​បាន​ទើរ​លើ​ឆ្នេរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​មន្ត្រី​សន្តិសុខ​ម៉ូ​រីតា​នី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ទូក​ជនអន្តោប្រវេសន៍​បាន​លិច​នៅ​ចម្ងាយ​ប្រហែល ២៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​នូ​អាត​ហ៊ី​ប៊ូ ជិត​ព្រំដែន​ជាមួយ​វាល​ខ្សាច់​សាហា​រ៉ា​ខាងលិច​។​

​មន្ត្រី​រូបនោះ​បាន​និយាយថា “​ទូក​បាន​បុក​ថ្ម​នៅ​កណ្តាល​សមុទ្រ វា​ចាប់ផ្តើម​ចូល​ទឹក ហើយ​ម៉ាស៊ីន​បាន​ដាច់​ជា​ពីរ​។ ពួកគេ​នៅ​មិន​ឆ្ងាយ​ពី​ច្រាំង​ទេ ប៉ុន្តែ​ការ​ធ្លុះធ្លាយ​ដ៏​ធំ​បាន​រារាំង​ពួកគេ​មិនឱ្យ​ទៅដល់​ឆ្នេរសមុទ្រ​ដោយ​ទូក​បាន​”​។​

​មន្ត្រី​ដដែល​បាន​បន្ថែមទៀតថា​ មិនមាន​អ្វី​នៅលើ​ទូក​ទេ​ ហើយ​ជន​ចំណាកស្រុក​ស្រេកឃ្លាន​និង​រងា​ជាខ្លាំង ដូច្នេះ​ពួកគេ​ក៏​លោត​ចូល​សមុទ្រ​ហែល​មក​ច្រាំង​៕ ដោយ៖ កញ្ញាដាលីស/Ha