មនុស្ស​វ័យ​ចំណាស់​បំផុត​ក្នុង​លោក បាន​លាចាក​លោក​នៅ​អាយុ​១១៧​ឆ្នាំ​

3555
ចែករម្លែក

​ស្ត្រី​ជប៉ុន​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​មនុស្ស​វ័យ​ចំណាស់​បំផុត​នៅក្នុង​លោក​បាន​ទទួលមរណភាព​នៅ​អាយុ​១១៧​ឆ្នាំ ។​

​ណា​ប៊ី តាជី​ម៉ា​(Nabi Tajima)​បាន​ស្លាប់​ដោយ​ជរាពាធិ​នៅ​មន្ទីរពេទ្យ​មួយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២១​មេសា​នៅ​ទីប្រជុំជន​គី​កាយ ប្រទេស​ជប៉ុន​ខាងត្បូង​។​លោកយាយ​​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ចាប់តាំងពី​ខែ​មករា​មក​។​

​តាជី​ម៉ា បាន​កើត​នៅ​ថ្ងៃ​៤​សីហា ឆ្នាំ​១៩០០ និង​ត្រូវបាន​គេ​និយាយថា​មាន​កូនចៅ​រហូតដល់​ទៅ​ជាង​១៦០​នាក់ រួម​មាន​ចៅ​៣​ជំនាន់​។​

​លោកយាយ​បាន​ក្លាយជា​មនុស្ស​អាយុ​ច្រើន​បំផុត​ក្នុង​លោក​កាលពី​៧​ខែ​មុន ក្រោយ​ការស្លាប់​របស់ វី​យ៉ូ​ឡេត ប្រោ​ន នៅ​ចា​ម៉ៃ​កា កាលពី​ខែ​កញ្ញា នៅ​អាយុ​១១៧​ឆ្នាំ​ដូច​​គ្នា​។​

​អង្គការ​សិក្សា​ស្រាវជ្រាវ​អំពី​ជរា​សាស្ត្រ​មួយ​និយាយថា ស្ត្រី​ជប៉ុន​ម្នាក់ទៀត​ឈ្មោះ ជី​យ៉ូ មី​យ៉ាកុ ក៏​ជា​មនុស្ស​អាយុ​ច្រើន​បំផុត​ក្នុង​លោក​នា​ពេលបច្ចុប្បន្ន​ផងដែរ​។​គាត់​រស់​​នៅ​ខាងត្បូង​ក្រុង​តូ​ក្យូ និង​ត្រូវមាន​អាយុ​១១៧​ឆ្នាំ​នៅ​១០​ថ្ងៃ​ទៀត​។​

​អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក​Guinness World Records បានកំណត់​បុរស​អាយុ​វែង​បំផុត​គឺ​លោកតា ម៉ាសា​ហ្សូ ណូ​ណាកា នៅ​ជប៉ុន​ខាងជើង ហើយ​គ្រោង​បញ្ចូល​​លោកយាយ​តាជី​ម៉ា​ជា​មនុស្ស​អាយុ​ច្រើន​បំផុត​៕​ដោយៈ​វាសនា​