មនុស្ស​១០​នាក់​ស្លាប់ ខណៈដែល​ខ្យល់ព្យុះ​ហា​តូ បក់បោក​លើ​ទីក្រុង​ម៉ា​កាវ ហុងកុង និង ប្រទេស​ចិន

1078
ចែករម្លែក

​ខ្យល់ព្យុះ​ហា​តូ (Hato) បាន​បក់បោក​ដោយ​បំផ្លិចបំផ្លាញ​នៅ​ទូទាំងប្រទេស​ចិន​ភាគខាងត្បូង កាលពី​ថ្ងៃ​ពុធ ទី​២៣ សីហា​
​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​១០​នាក់ បន្ទាប់ពី​វា​បាន​បក់បោក​លើ​ទីក្រុង​ហុងកុង បង្ក​ការ​ជន់​លិច​ផ្លូវ​និង​បង្ខំ​មនុស្ស​រាប់ពាន់នាក់​ឱ្យ​រត់ទៅរក​កន្លែង​សុវត្ថិភាព​។​

​ខ្យល់ព្យុះ​នេះ​បាន​នាំឱ្យមាន​ការបង្កើន​កម្រិត​ព្រមាន​ដល់​កម្រិត​១០​ដែលជា​កម្រិត​ខ្លាំង​ដែល​បក់បោក​លើ​ក្រុង​ហុងកុង ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​បំផុត​នេះ​។​

​មនុស្ស​៥​នាក់ បាន​ស្លាប់ នៅ​ទីក្រុង​ម៉ា​កាវ (Macau) ជាទី​ដែល​ទឹកជំនន់ បាន​ជន់​លិច​រថយន្ត​និង​ផ្លូវ​នៅ​ទីក្រុង​នេះ​។​
​កាល​ពេល​មុននេះ ខ្យល់ព្យុះ​ដ៏​ខ្លាំង​នេះ បាន​បក់បោក​លើ​ទីក្រុង​ហុងកុង ជាទី​ដែល​បុរស​អាយុ​៨៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បន្ទាប់ពី​គាត់​បាន​ធ្លាក់ចូល​ទឹកសមុទ្រ និង មនុស្ស​ជាង​១២០​នាក់​បាន​រងរបួស​ដោ​យ​សារ​ខ្យល់​គួច​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​នៅ​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​ភាគខាងត្បូង មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤​នាក់ បាន​ស្លាប់​និង​មនុស្ស​២៦.៨១៧​នាក់ ត្រូវបាន​ជម្លៀស​ទៅរក​កន្លែង​សុវត្ថិភាព ហើយ ជិត​២​លាន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់​មួយរយៈ​ពេល​។

​ក្រុម​អាជ្ញាធរ បាន​ព្រមាន​អំពី​បំណាក់​ដី​និង​ទឹកជំនន់​ដែល​អាច​កើតឡើង​នៅពេលដែល​ខ្យល់ព្យុះ​នេះ​បាន​បន្ត​បោកបក់​ឆ្ពោះ​ទៅលើ​ដីគោក​៕ ដោយ៖ សុខា

ព្យុះ​ហា​តូ​បក់បោក​លើ​ទីក្រុង​ម៉ា​កាវ ហុងកុង និង ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ