មនុស្ស​១០​លាន​នាក់​រំពឹង​មក​ងូតទឹក​លាងបាប​នៅ​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​ឃុ​ម​មេ​ឡា

348
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា មហាពិធី​បុណ្យ​សាសនា​ឈ្មោះ​ឃុ​ម​មេ​ឡា (Kumbh Mela) របស់​ឥណ្ឌា​នឹង​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​ទី​៤​មីនា​នេះ ជាមួយ​អ្នក​ហែ​ធម្ម​យាត្រា​ប្រមាណ ១០ លាន​នាក់​រំពឹង​ចូលរួម​ងូតទឹក​ជា​លើកចុងក្រោយ ដោយ​នាំឱ្យ​ចំនួន​សរុប​នៃ​អ្នកចូលរួម​គឺ​ជិត ២៥០ លាន​នាក់​។​

​មន្ត្រី​រដ្ឋាភិបាល​លោក​ប្រាប​ហាត ស៊ូ​ក្លា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​រំពឹងថា​យ៉ាងហោចណាស់​នឹងមាន​មនុស្ស ១០ លាន​នាក់​នៅថ្ងៃនេះ ព្រោះ​វា​ជា​ថ្ងៃ​ចុងក្រោយ និង​ជា​ថ្ងៃ​មហា​ស៊ីវ​រ៉ា​ទ្រី (Mahashivratri)” ដែលជា​ថ្ងៃ​ស័ក្តិសិទ្ធិ​បំផុត​មួយ​របស់​សាសនា​ហិណ្ឌូ​។

​លោក​ស៊ូ​ក្លា​បាន​បន្ថែមថា “​មនុស្ស​ប្រហែល ២២០ លាន​នាក់​បានមក​លេង​បុណ្យ​ឃុ​ម​មេ​ឡា​បើ​គិត​តាម​ការ​គណនា​លើកចុងក្រោយ​បំផុត​របស់​យើង​។ លទ្ធផល​សរុប​ចុងក្រោយ​នឹងត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​ក្រោយពី​បញ្ចប់​ពិធីបុណ្យ ប៉ុន្តែ​វា​ប្រហែលជា​ខ្ទង់ ២៥០ លាន​នាក់​”​។​

​ពិធីបុណ្យ​រយៈពេល ៤៨ ថ្ងៃ​នៅ​ទីក្រុង​អាល់​ឡា​ហា​បាដ (Allahabad) ភាគ​ខាងជើង ដែល​ទើប​ប្តូរ​ឈ្មោះ​ថ្មី​ថា​ទីក្រុង​ប្រា​យ៉ា​ក្រា​ច (Prayagraj) ដែល​យកតាម​ឈ្មោះ​ហិណ្ឌូ​បុរាណ​របស់​តំបន់​នេះ​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​កាលពី​ខែកុម្ភៈ​។​

​អ្នក​កាន់សាសនា​ហិណ្ឌូ​ជឿថា ការ​ងូតទឹក​នៅ​ចំណុចប្រសព្វ​នៃ​ទន្លេ​គង្គា ទន្លេ​យ៉ា​មូ​ណា និង​ទន្លេ​សា​រ៉ា​វ៉ា​ទី នៅ​ពិធីបុណ្យ​នេះ នឹង​ជួយ​លាង​អំពើ​បាប​។​

​យោងតាម​ទេវ​កថា​ហិណ្ឌូ ទេវតា​និង​បិសាច​បាន​វាយ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ដណ្តើមយក​អណ្តូង​ដ៏​ពិសិដ្ឋ​មួយ ឬ ហៅថា​ឃុ​ម (Kumbh) ដែលមាន​ទឹកដម​អម​តៈ​។ មានទឹក​ស្រក់​នៅ​ទីតាំង​៤​ចំណុច​រួមទាំង​ទីក្រុង​អាល់​ឡា​ហា​បាដ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​១០​លាន​នាក់​នឹង​សម្រុក​ងូតទឹក​លាងបាប​នៅ​ទន្លេ​គង្គា