មនុស្ស​១៨៩​នាក់​ក្នុង​យន្តហោះ​ឥណ្ឌូនេស៊ី​ដែល​ធ្លាក់​ស្លាប់​ទាំងអស់​

2903
ចែករម្លែក

អ្នកដំណើរនិងបុគ្គលិកយន្តហោះសរុប១៨៩នាក់នៅក្នុងយន្តហោះLion Airដែលធ្លាក់ចូលក្នុងសមុទ្រកាលពីថ្ងៃចន្ទទី២៩តុលា បានស្លាប់ទាំងអស់ នេះបើតាមការបញ្ជាក់របស់ពួកអ្នកជួយសង្រ្គោះ ខណៈពួកគេបានស្រង់យកសាកសពមនុស្សជាបន្តបន្ទាប់និងមិនបានរកឃើញអ្នកនៅមានជីវិតរហូតដល់ថ្ងៃអង្គារនេះ។

យន្តហោះ Boeing-737 MAXដែលទើបដាក់ដំណើរការកាលពីប៉ុន្មានខែមុន បានបាត់ពីរ៉ាដានៅ១៣នាទីក្រោយចេញពីអាកាសយានដ្ឋានក្រុងហ្សាការតា និងបានធ្លាក់ចូលក្នុងសមុទ្រជ្វា ក្រោយពីអាកាសយានិកបានស្នើសុំត្រឡប់មកក្រុងហ្សារតាវិញបានបន្តិច។

ជើងហោះហើរJT 610 បានបង្កើនល្បឿនពេលវាធ្លាក់ចុះនៅពេលប៉ុន្មាននាទីក្រោយការបាត់ចេញពីរ៉ាដាដោយអាជ្ញាធរនិយាយថាសាក្សីបានឃើញយន្តហោះសំយ៉ុងក្បាលចូលក្នុងសមុទ្រ។

នាយកនៃទីភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ លោកបាំបាង សួរយ៉ូ អាជី បានប្រាប់អ្នកយកព័ត៌មានថា«ជនរងគ្រោះត្រូវបានរកឃើញតែស្លាប់ទាំងអស់។វារាប់ម៉ោងមកហើយក្រោយយន្តហោះធ្លាក់ ដូច្នេះមនុស្សទាំង១៨៩នាក់ទំនងជាបានស្លាប់អស់ហើយ»។

អាជ្ញាធរបាននិយាយថា អ្នកមុជទឹកប្រមាណ៤០នាក់ជាផ្នែកនៃក្រុមជួយសង្រ្គោះប្រមាណ១៥០នាក់នៅកន្លែងកើតហេតុ។បំណែកយន្តហោះនិងកំទេចកំទីនៅជំរៅ៣០ទៅ៣៥ម៉ែត្រក្នុងទឹកសមុទ្រនិងលើផ្ទៃទឹកសមុទ្រមានតែប្រេងអណ្តែត អត់មានឃើញមនុស្សនៅមានជីវិតទេ។

ក្រុមហ៊ុនអាកាសចរណ៍Lion Airបានទទួលស្គាល់ថា យន្តហោះដែលធ្លាក់នេះកាលពីមុនត្រូវបានចតមិនអោយហោះដើម្បីធ្វើការជួសជុល។យន្តហោះបានកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉ាងកាល់ ពីណាង នៅពេលវាដាច់ការទាក់ទងជាមួយអ្នកប្រចាំការលើដីនៅម៉ោង៦កន្លះព្រឹកថ្ងៃចន្ទ។

យោងតាមគណៈកម្មាធិការសុវត្ថិភាពគមនាគមន៍ជាតិឥណ្ឌូនេស៊ី ក្នុងយន្តហោះដែលធ្លាក់មានអ្នកដំណើរពេញវ័យ១៧៨នាក់ ក្មេងតូចម្នាក់ កូនង៉ែត២នាក់ អាកាសយានិក២នាក់ និងបុគ្គលិកបំរើការក្នុងយន្តហោះ៦នាក់។

នាយកLion Air បាននិយាយថា យន្តហោះត្រូវបានជួសជុលបញ្ហាបច្ចេកទេសនៅកោះបាលី មុនពេលវាចេញមកកាន់ក្រុងហ្សាការតាហើយពួកវិស្វករនៅហ្សាការតាក្រោយបានទទួលការជូនដំណឹងក៏បានធ្វើការជួសជុលជាថ្មីមុនពេលវាចេញដំណើរកាលពីថ្ងៃចន្ទ។

ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនផលិតយន្តហោះBoeing នៅអាមេរិកបានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនេះ។

ក្រុមហ៊ុនកាលពីឆ្នាំមុនបានផ្អាកការចេញប្រើយន្តហោះធុន737 MAXនេះដោយសារបញ្ហាម៉ាស៊ីន នេះបើតាមការអោយដឹងពីគេហទំព័រអំពីសុវត្ថិភាពនិងការត្រួតពិនិត្យផលិតផលairlineratings.com ។វាថា ម៉ាស៊ីនយន្តហោះជាផលិតផលនៃការវិនិយោគរួមគ្នារវាងក្រុមហ៊ុន General Electricនៅអាមេរិកនិងក្រុមហ៊ុនSafran Aircraft Enginesរបស់បារាំង។

មុននេះក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនLion Air បានប្រកាសទិញយន្តហោះ Boeing 737 MAXចំនួន៥០គ្រឿងតំលៃ៦.២៤០លានដុល្លារ៕ដោយ៖វាសនា

អ្នកស្វែងរកនិងជួយសង្រ្គោះ រកឃើញតែសាកសពនិងបំណែកយន្តហោះ និងគ្មានសង្ឃឹមរកឃើញអ្នកនៅមានជីវិតទេក្រោយការធ្លាក់២៤ម៉ោង