មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការតវ៉ា​ដោយ​ហិង្សា​នៅ​ខេត្ត​ប៉ាពួ​របស់​ឥណ្ឌូនេស៊ី​

293
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​យ៉ាងហោច​ណាស់​ទាហាន​ឥណ្ឌូនេស៊ី​ម្នាក់​និង​ជន​ស៊ីវិល​២​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ពុធ​ទី​២៨​សីហា​នៅក្នុង​ការតវ៉ា​ដ៏​ហិង្សា​នៅក្នុង​ខេត្ត​ប៉ាពួ​ប្រទេស​​ឥណ្ឌូនេស៊ី​។​

​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ លោក​Dedi Prasetyo បាន​និយាយថា ការតវ៉ា​ដោយ​សន្តិវិធី​ដោយ​ក្រុមអ្នកតវ៉ា​១៥០​នាក់​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​នៅ​អគារ​ការិយាល័យ​​របស់​ប្រធាន​ស្រុក​Deiyai បាន​ក្លាយ​ជា​អំពើ​ហិង្សា​នៅពេលដែល​មនុស្ស ជាង​មួយ​ពាន់​នាក់​ផ្សេងទៀត​បាន​ព្យាយាម​សម្រុកចូល​អគារ​នោះ​ដោយ​មាន​កាន់​ព្រួញ​និង​កាំបិត​។​

​លោក Eko Daryanto អ្នកនាំពាក្យ​យោធា​ខេត្ត​ប៉ាពួ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​កងកម្លាំង​សន្តិសុខ​បាន​រៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ​ហើយ​បាន​រក​ឃើញ​អ្នក​​តវ៉ា​២​នាក់​រងរបួស​ដោយ​ត្រូវ​ព្រួញ​។ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។ ទាហាន​ម្នាក់​បាន​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ ហើយ​ប៉ូលិស​និង​បុគ្គលិក​យោធា​ចំនួន​៥ នាក់​បាន​រងរបួស ដោយ​ភាគច្រើន​ត្រូវ​ព្រួញ​បាញ់​ចំ​។​

​ការ​ធ្វើ​បាតុកម្ម​ដោយ​មាន​អំពើហិង្សា​បាន​កើតឡើង​នៅ​ខេត្ត​ប៉ាពួ​ចាប់តាំងពី​សប្តាហ៍​មុន​ដែល​បង្កឡើ​ង​ដោយ​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​តាម​អ៊ិន​ធរណេ​តដែល​បង្ហាញ​កង​​កម្លាំង​សន្តិសុខ​ហៅ​និស្សិត​ជនជាតិ​ប៉ាពួ ថា​”​ស្វា និង ឆ្កែ​” នៅ​ទី​ទីក្រុង​Surabaya នៅ​ខេត្ត East Java​។​

​ក្រុមនិស្សិត​ប៉ាពួ​ចំនួន​៥០ នាក់​នៅ​ទីក្រុង​ហ្សា​ការតា បាន​ធ្វើការ​តវ៉ា​ជា​លើក​ទី ២ កាលពី​ថ្ងៃ​ពុធ ហើយ​បាន​អំពាវនាវ ឲ្យមាន​ឯករាជ្យ​សម្រាប់​ខេត្ត​ប៉ាពួ ដែល​ធ្លាប់​នៅក្រោម​​អតីត​អាណានិគម​ហូឡង់​នៅ​ភាគ​ខាងលិច​នៃ​កោះ​New Guinea​ដែលមាន​ជនជាតិ​ភាគតិច​និង​វប្បធម៌​ខុសគ្នា​ពី​ប្រទេស​ឥណ្ឌូនេស៊ី​៕ដោយ៖សុខា/sn

ក្រុមនិស្សិត​ប៉ាពួ ស្រែក​តវ៉ា​ដោយ​កាន់​បដា​ដែសល​សរសេរ ” ខ្ញុំ​មិនមែន​ជា​ស្វា​ទេ​”​ក្នុងពេល​តវ៉ា​នៅ​ជិត​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​​ថ្ងៃ​ពុធ​