មនុស្ស​៥​នាក់​បាន​ស្លាប់ និង​របួស ដោយសារតែ​រថយន្ត​ធំ​បុក​កិន​អ្នកជិះ​ម៉ូតូ​

644
ចែករម្លែក

ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: មនុស្ស ៥​នាក់​ដែល​សុទ្ធតែ​ក្មេង​ជំទង់ៗ ជិះ​ម៉ូតូ​១​គ្រឿង បាន​ស្លាប់​និង​របួសធ្ងន់​ស្រាល ដោយសារតែ​បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​ធំ​១​គ្រឿង នៅ​វិមានឯករាជ្យ​ក្រុងព្រះសីហនុ​។

​មន្ត្រីប៉ូលិស​ចរាចរណ៍​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ និង​ម៉ូតូ​នោះ កើតឡើង​នៅ​ជិត​វេទិកា​វិមានឯករាជ្យ ក្នុងភូមិ​២​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ វេលា​ម៉ោង ១១​ថ្ងៃត្រង់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៩ ។​

​ករណីនេះ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅនឹងកន្លែង និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​របាយការណ៍​ពី​នគរបាល​ចរាចរណ៍​ប​ញ្ជា​ក់ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បង្កដោយ​រថយន្ត​ធុន​ធំ ០១​គ្រឿង​ម៉ាក HYUNDAI ពាក់​ផ្លាកលេខ ព្រះសីហនុ 3A 2331 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​បាត់​ពី​កន្លែងកើតហេតុ​) ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន រាជសីហ៍ ឡូ​ជី​ស្ទីក មាន​ទិសដៅ​ពី​កើត​ឆ្ពោះទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​បាន​ផ្លាស់ប្ដូរ​ទិស​បត់​ឆ្វេង ក៍​បុក​ប៉ះ​នឹង​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA WAVE គ្មាន​ស្លាក​លេខ ជិះ​គ្នា​ចំនួន ៥​នាក់​សុទ្ធតែ​ក្មេងៗ ក្នុងនោះ​មាន​ស្ត្រី​ជំទង់​ម្នាក់​ជា​អ្នកបើកបរ ដែល​ត្រូវជា​បងស្រី​ក្មេងៗ​ទាំងអស់នោះ​។​

​របាយការណ៍​ដដែល បញ្ជាក់ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​ក្មេងប្រុស ០២​នាក់ នៅនឹងកន្លែង​កើតហេតុ និង​រងរបួស​ធ្ងន់​០៣​នាក់ បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ជនរងគ្រោះ​ជា​អ្នករស់នៅ​ម្តុំ​ឧតុនិយម ក្នុងភូមិ​២​សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​វត្ថុតាង​រថយន្ត ០១​គ្រឿង និង ម៉ូតូ ០១​គ្រឿង សមត្ថកិច្ច​ជំនាញ​យកមក​រក្សារ​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បន្ត​៕ ល​

#