មនុស្ស​៥​នាក់​ស្លាប់​នៅក្នុង​ការតវ៉ា​នៅ​ប្រទេ​ស៊ីលី​

194
ចែករម្លែក

​មនុស្ស​៥ នាក់​បាន​ស្លាប់​បន្ទាប់ពី​រោងចក្រ​កាត់ដេរ​មួយ​ត្រូវបាន​ដុត​បំផ្លាញ​ដោយ​ក្រុម​អ្នកចូញ​លួច​នៅ​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ស៊ី​លី កាលពី​ថ្ងៃអាទិត្យ ទី​២០​តុលា​ចំពេល​​ការតវ៉ា​ខ្លាំង​ជា​បន្តបន្ទាប់​។​

​កងទ័ព​និង​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ការបាញ់ទឹក​ប្រឆាំង​ក្រុមបាតុករ​ហើយ​បម្រាម​គោចរ​ពេលយប់​ត្រូវបាន​ដាក់​នៅ​តាម​ទីក្រុង​ធំៗ ។​

​ការរំជើបរំជួល​ដែល​បង្កឡើង​ដោយ​ការ​ឡើងថ្លៃ​រថភ្លើង​ក្រោម​ដី ដែល​ឥឡូវ​ត្រូវបាន​ផ្អាកបាន​រីក​រាលដាល ដោយសារ​តែ​កំហឹង​ចំពោះ​ទំនិញ​ឡើងថ្លៃ​និង​វិសមភាព​សង្គម​។​

​ប្រធានាធិបតី​ស៊ី​លី លោក​សេ​បា​ស្ទៀន ពី​ណេ​រ៉ា បាន​ថ្លែង​ការពារ​ការឆ្លើយតបរ​បស់​រដ្ឋាភិបាល​។​

​លោក​បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​ថា “​ខ្ញុំ​ជឿជាក់​ថា​ប្រជាធិបតេយ្យ​មិន​ត្រឹមតែ​មាន​សិទ្ធិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​កាតព្វកិច្ច​ការពារ​ខ្លួន​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​​ទាំងអស់​ដែល​លទ្ធិប្រជាធិបតេយ្យ​ផ្តល់ឱ្យ​ដោយ​ខ្លួនឯង​និង​នីតិរដ្ឋ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អ្នក​ដែល​ចង់​បំផ្លាញ​វា​” ។

​ការតវ៉ា​បាន​បន្ត​ធ្វើ​នៅ​ទូទាំង​ប្រទេស​នេះ ទោះបីជា​មាន​ការដាក់​តំបន់​ចំនួន​៥​នៅ​ស្ថានភាព​អាសន្ន ដែល​ត្រូវបាន​ប្រកាស​ដោយ លោក​សេ​បា​ស្ទៀន ពី​ណេ​រ៉ា​កាលពី​ថ្ងៃ​សុក្រ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​អាជ្ញាធរ​រឹតត្បិត​សេរីភាព​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​និង​សិទ្ធិ​ប្រមូលផ្តុំ​របស់​ពួកគេ​។​

​ទាហាន​រាប់ពាន់​និង​រថក្រោះ​ជាច្រើន​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្លូវ​នានា​នៃ​ទីក្រុង​សាន់ត្យាហ្គោ​និង​ក្រុង​ដទៃ​ទៀត​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩០ នៅពេល​ដែល​ប្រ​​ទេស​ស៊ី​លី​បាន​វិលត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ​វិញ​បន្ទាប់ពី​ការដួលរលំ​របប​ផ្តាច់ការ​របស់ លោក​អូ​ហ្គូ​ស្តូ ពី​ណូ​ចេ ។​

​នៅក្នុង​ស្ថាភាព​វឹកវរ​កាលពី​ថ្ងៃអាទិត្យ​នោះ ការ​លួច​ប្លន់​និង​ការដុត​បំផ្លាញ​បាន​បន្ត​កើត​ឡើង​ហើយ​ក្រុមអ្នកតវ៉ា​បាន​ដុត​បំផ្លាញ​រថយន្តក្រុង​ជាច្រើន​ទៀត វាយបំផ្លាញ​ស្ថានីយ​​រថភ្លើង​ក្រោម​ដី និង​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។​

​កាលពី​ថ្ងៃ​សៅរ៍ មនុស្ស​៣​នាក់​ក៏​ត្រូវបាន​សម្លាប់​នៅក្នុង​ការដុត​បំផ្លាញ​ផ្សារ​ទំនើប​ពីរ​។​មនុស្ស​ជាង​១៤០០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំង​ប្រទេស ហើយ​២​នាក​រងរបួស​ដោយ​ត្រូវ​​គ្រាប់កាំភ្លើង​ក្រោយ​ប៉ះ​ជាមួយ​ប៉ូលិស​៕​ដោយ​៖​សុខា​/sn