មនុស្ស​៦​នាក់​ស្លាប់​និង​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀស ដោយសារ​ទឹកជំនន់​នៅ​តៃវ៉ាន់​

713
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍ទី២៥ខែសីហាថា មនុស្ស៦នាក់បានស្លាប់ ដោយទឹកជំនន់នៅតៃវ៉ាន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ ដែលបានបណ្តាលឱ្យជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីលំនៅដ្ឋានរបស់ពួកគេ។

វិសម្ពាធត្រូពិកបានបក់បោកយ៉ាងខ្លាំងនៅភាគកណ្តាលនិងភាគខាងត្បូងនៃកោះតៃវ៉ាន់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដោយមានភ្លៀងធ្លាក់ខ្លាំង ។

តាមតួលេខរដ្ឋាភិបាលបានឱ្យដឹងថា រហូតមកដល់ពេលនេះ មនុស្ស៦នាក់ បានស្លាប់និងមនុស្សជិត១០០នាក់បានរងរបួស។

ក្រុមមន្ត្រី​បាននិយាយថា មនុស្សជាង៦.០០០នាក់ ត្រូវបានជម្លៀសដោយមានមនុស្សជាង១.១០០នាក់ បានកំពុងស្នាក់នៅតាមជំរំសង្គ្រោះនៅឡើយ។

រូបភាពបានបង្ហាញថាអ្នករស់នៅទីក្រុង Kaohsiung និងទីក្រុងTainan កំពុងដើរកាត់ទឹកជំនន់ជម្រៅត្រឹមជង្គង់ ខណៈដែល ក្រុមទាហានបានកំពុងជួយសង្គ្រោះមនុស្សចាស់និងក្មេងពីផ្ទះរបស់ពួកគេដែលត្រូវបានទឹកជនន់លិច។

វិសម្ពាធត្រូពិកនេះ បានបក់បោករសាយចេញពីកោះតៃវ៉ាន់រួចហើយ ប៉ុន្តែ ទឹកជំនន់នៅតំបន់ជាច្រើនមិនទាន់ស្រកអស់នៅឡើយទេ៕

ទឹកជំនន់ ជន់លិចសង្កាត់មួយចំនួន នៅកោះតៃវ៉ាន់