មនុស្ស​៨​នាក់​ពាក់ព័ន្ធ​ហិង្សា​នៅ​ក្រចេះ មាន​សេរីភាព​វិញ​ហើយ​

1269
ចែករម្លែក

(​ក្រចេះ​)៖ មនុស្ស​៨​នាក់​ពាក់ព័ន្ធ​ហិង្សា​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មាន​សេរីភាព​វិញ​ហើយ តែ​ត្រូវដាក់​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

​លោក​កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ និយាយថា ពិត​ជាមាន​ដោះលែង​មនុស្ស​ទាំង​៨​នាក់​នេះ ប្រាកដ​មែន តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​អំពើហិង្សា​មួយ បាន​ផ្ទុះឡើង​រវាង​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ខណៈ​កម្លាំង​សមត្ថកិច្ច ព្យាយាម​បំបែក​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៧៦​។ ការដែល​ប្រជាពលរដ្ឋ​នាំគ្នា​បិទផ្លូវ បាន​កើតឡើង​បន្ទាប់ពី សមត្ថកិច្ច​ចម្រុះ ចុះទៅ​រុះរើ​សំណង់​តូចៗ​របស់​ពួកគាត់​ដែល​សង់​ខុសច្បាប់ ស្ថិតនៅក្នុង​ក្រុមហ៊ុន ចំការកៅស៊ូ​មេមត់​។​

​ការប៉ះទង្គិច​នេះ ត្រូវបាន​ផ្សព្វផ្សាយ​បំប៉ោង​ដោយ​វិទ្យុ​អាស៊ីសេរី និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា មាន​អ្នកស្លាប់​រហូតដល់​ទៅ​៦​នាក់ និង​របួស​រហូតដល់​ទៅ​៤០​នាក់​ផងដែរ​។ ការផ្សព្វផ្សាយ​បំភ្លៃ និង​បំប៉ោង​ខុសពី​ការពិត​នេះ ក៏​ត្រូវបាន​អាជ្ញាធរ​, សមត្ថកិច្ច និង​តុលាការ ចេញមក​ច្រានចោល​ភ្លាមៗ ខណៈដែល​ការប៉ះទង្គិច​នេះ គ្មាន​អ្នកស្លាប់​នោះឡើយ មានតែ​អ្នករងរបួស​៩​នាក់​ប៉ុណ្ណោះ ២​នាក់​ជា​ប្រជាពលរដ្ឋ ៧​នាក់​ជា​កម្លាំង​សមត្ថកិច្ច​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏បាន​ចាត់​ឱ្យ​ក្រុម ការងារ​ចម្រុះ​មួយ​បើក​ការស៊ើបអង្កេត​បន្ថែម លើក​ករណី​ហិង្សា​នេះ​ផងដែរ បើទោះបីជា​សម្ដេច ទទួលបាន​របាយការណ៍​បឋម​មួយចំនួន​ក៏ដោយ​នោះ​៕L ដោយ​៖​ឆាយា​នាថ​