មនុស្ស ១៥០ នាក់​បារម្ភ​លង់ទឹក​ស្លាប់​នៅក្បែរ​ឆ្នេរ​លី​ប៊ី​

366
ចែករម្លែក

​ឆ្មាំ​សមុទ្រ​និង​ទីភ្នាក់ងារ​ជនភៀសខ្លួន​អ​.​ស​.​ប​បាន​និយាយថា ជន​អន្តោរ​ប្រវេសន៍​ឆ្ពោះ​មក​ទ្វីបអឺរ៉ុប​រហូតដល់ ១៥០ នាក់​បាន​បាត់​ខ្លួន​និង​បារម្ភ​ថា​ពួកគេ​លង់ទឹក​ស្លាប់ បន្ទាប់ពី​ទូក​ដែល​ពួកគេ​កំពុងធ្វើដំណើរ​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ពី​ប្រទេស​លី​ប៊ី​បាន​លិច​។​

​លោក អា​យូ​ប ហ្គាស​ស៊ីម អ្នកនាំពាក្យ​របស់​ឆ្មាំ​សមុទ្រ​លី​ប៊ី​បាន​និយាយថា ទូក​ពីរ​ដឹក​ជនអន្តោប្រវេសន៍​ប្រមាណ ៣០០ នាក់​បាន​លិច​នៅ​ចម្ងាយ​ប្រហែល ១២០ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​រដ្ឋធានី​ទ្រី​ប៉ូ​លី​។​

​លោក​បាន​និយាយថា ជនអន្តោប្រវេសន៍​ប្រហែល ១៣៧ នាក់​ត្រូវបាន​ជួយសង្គ្រោះ​និង​ត្រឡប់​ទៅ​ប្រទេស​លី​ប៊ី​វិញ​ហើយ​ឆ្មាំ​សមុទ្រ​មិនទាន់បាន​រកឃើញ​សាកសព​ណាមួយ​នោះទេ​រហូតមក​ដល់ពេលនេះ​។​

​លោក​ឆា​លី យ៉ាក់​លី អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អ​.​ស​.​ប​បាន​និយាយថា មនុស្ស ១៤៧ នាក់​ត្រូវបាន​សង្គ្រោះ​។​

​លោក​បាន​និយាយថា “​យើង​ប៉ាន់ប្រមាណ​ថា​ជនអន្តោប្រវេសន៍​ចំនួន ១៥០ នាក់​កំពុង​បាត់​ខ្លួន​និង​ស្លាប់​នៅក្នុង​សមុទ្រ​”​។​

​បន្ទាប់ពី​ការបះបោរ​ដែល​បាន​ផ្តួលរំលំ​និង​សម្លាប់​លោក​ម៉ូ​អា​ម៉ា ហ្គា​ដា​ហ្វី នៅ​ឆ្នាំ ២០១១ លី​ប៊ី​បាន​ក្លាយជា​គោលដៅ​សំខាន់​មួយ​សម្រាប់​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​អាហ្វ្រិក ដែល​ចង់បាន​ជីវិត​ប្រសើរ​ជាង​មុន​នៅក្នុង​ទ្វីបអឺរ៉ុប​។​

​ក្រុម​អ្នកជួញដូរ​និង​ក្រុម​ប្រដាប់អាវុធ​បាន​កេងចំណេញ​ពី​ភាពចលាចល​របស់​លី​ប៊ី​ចាប់តាំងពី​ការ​ផ្តួល​រលំ​លោក​ហ្គា​ដា​ហ្វី ហើយ​ត្រូវបាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​រំលោភបំពាន​យ៉ាង​ទូលំទូលាយ​ទៅលើ​ជន​ចំណាកស្រុក​រួមទាំង​ការធ្វើ​ទារុណកម្ម​និង​ការចាប់​ជំរិត​ទារប្រាក់​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ប្រមាណ ១៥០ នាក់​បារម្ភ​លង់ទឹក​ស្លាប់​ក្បែរ​ឆ្នេរ​លី​ប៊ី