មនុស្ស ២០០.០០០ នាក់​ស្លាប់​រាល់​ឆ្នាំ​ខណៈ​ឥណ្ឌា​ប្រឈម​នឹង​វិបត្តិ​ទឹក​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ជួបប្រទះ​

867
ចែករម្លែក

​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​តាក់តែង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា NITI Aayog បាន​បង្ហាញថា ប្រជាជន​ឥណ្ឌា​យ៉ាងហោចណាស់​២​សែន​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​គ្មាន​ទឹកស្អាត​គ្រប់គ្រាន់​។ យោងតាម​ការព្យាករណ៍​ថ្មី​បានឱ្យដឹងថា វិបត្តិ​នេះ​នឹង​បន្ត​កាន់តែ​អាក្រក់​ឡើង​រហូតដល់​ឆ្នាំ ២០៣០ ដែលនាំឱ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ចំនួន ៦ ភាគរយ​ប្រចាំឆ្នាំ​។​

​ក្រុមប្រឹក្សា NITI Aayog បាន​និយាយថា “​ឥណ្ឌា​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​ទឹក​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន ហើយ​ជីវិត​និង​ជីវភាព​មនុស្ស​រាប់លាន​នាក់​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​។ បច្ចុប្បន្ននេះ ប្រជាជន​ឥណ្ឌា ៦០០ លាន​នាក់​កំពុង​ប្រឈមមុខ​ខ្លាំង​ជាមួយ​កង្វះខាត​ទឹក ហើយ​មនុស្ស​ប្រហែល ២០០.០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារតែ​មិនមាន​ទឹក​គ្រប់គ្រាន់​”​។​

NITI Aayog បាន​បង្កើត​ស​ន្ទ​ស្សន៍​គ្រប់គ្រង​ទឹក (CWMI) ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​ទឹក​ឱ្យមាន​ប្រសិទ្ធភាព​នៅក្នុង​រដ្ឋ​នានា​របស់​ឥណ្ឌា​នៅ​ចំពោះមុខ​វិបត្តិ​ដែល​កំពុង​កើនឡើង​នេះ​។​

​យោងតាម​របាយការណ៍ ស្ថានភាព​នេះ​កាន់តែ​អាក្រក់​ទៅៗ​នៅ​ភាគ​ខាងជើង​ប្រទេស ជាមួយ​ទីក្រុង​ធំៗ​ចំនួន ២១ រំពឹងថា​នឹង​អស់​ទឹក​ក្រោម​ដី​នៅ​ឆ្នាំ ២០២០ ដែល​ប៉ះពាល់​ដល់​ប្រជាជន​ប្រហែល ១០០ លាន​នាក់​។​

​របាយការណ៍​នេះ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ពី​បញ្ហា​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ជនបទ​ឥណ្ឌា ដែល​ក្នុងនោះ ៧០​ភាគរយ​នៃ​ប្រជាជន​ក្នុងប្រទេស​ប្រហែល ៨០០ លាន​នាក់​កំពុង​រស់នៅ​។ បច្ចុប្បន្ននេះ​មានតែ​ពាក់កណ្តាល​នៃ​ប្រជាជន​នៅតាម​ជនបទ​ប៉ុណ្ណោះ​ដែល​អាច​ទទួលបាន​ទឹក​ដែល​គ្រប់គ្រង​ដោយ​សុវត្ថិភាព ពោលគឺ​នៅ​ចាញ់​ចិន​និង​បង់​ក្លា​ដែ​ស​ឆ្ងាយ​ណាស់ ជាហេតុ​ធ្វើឱ្យ​ជួប​បញ្ហា​ជំងឺ​នានា​បង្កឡើង​ដោយ​កង្វះ​ទឹក​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​ឥណ្ឌា ២០ ម៉ឺន​នាក់​ស្លាប់​រាល់​ឆ្នាំ​ដោយសារ​ខ្វះ​ទឹក