មន្ដ្រីជាន់ខ្ពស់​នៃ CPP រម្លឹក​ដល់​មន្ដ្រី​មិនល្អ ត្រូវ​កែ​ឡើងវិញ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បន្តទៀត​

132

ដោយ​: ពៅ និមល / ភ្នំពេញ​: ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ង​ស​ទី​១២ ខែមករា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ក្រើនរម្លឹក​ដល់​មន្ដ្រី​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល ដែលមាន​ទម្លាប់​មិនល្អ​ក្នុងការ​បំពេញភារកិច្ច​ការងារ ត្រូវតែ​កែប្រែ​ឡើងវិញ​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បន្ត​ទៅមុខទៀត​ឲ្យ​បានល្អ​ប្រសើរ​។​

​នៅក្នុង​ពិធី​សំណេះសំណាល​និង​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល លើក​ទី​១៤ អាណ​ត្ដិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ពេ​ជ សោភ័ន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ការស្នើ​ឲ្យ​មន្ត្រី​កែប្រែ​ទម្លាប់​ឡើងវិញ​នេះ ដើម្បី​បង្កើត​នូវ​វប្បធម៌​មួយ​ដោយ​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយគ្នា និង​អាចជួយ​គ្នា​ទៅវិញទៅមក​ព្រោះថា ការធ្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​ស្ថាប័ន​កាន់តែ​រីកចម្រើន​និង​រឹងមាំ​បន្ថែមទៀត​។ លោក​បន្តថា សង្គ្រាម​ប្រដាប់អាវុធ នឹង​មិនអាច​កើតមានឡើង​ទេ ប៉ុន្ដែ​សព្វថ្ងៃនេះ​ក្នុងសង្គម​បច្ចុប្បន្ន គឺមាន​សង្គ្រាម​ចិ​ត្ដ​សាស្ដ្រ (​សង្គ្រាមពាក្យសម្ដី​) ដែល​ជះឥទ្ធិពល​ខ្លាំង​ជាង​សង្គ្រាម​ប្រដាប់អាវុធ​ទៅទៀត​។​

​លោក​បណ្ឌិត ពេ​ជ សោភ័ន លើកឡើង​ទៀតថា សង្គ្រាម​ចិ​ត្ដ​សាស្ដ្រ គឺ​ពិសពុល​ជាង​សង្គ្រាម​ប្រដាប់អាវុធ​ទៅទៀត ពីព្រោះ​សង្គ្រាម​ប្រដាប់អាវុធ លុះត្រាតែ​គេ​ឃើញ​ទើប​ការពារ ប៉ុន្ដែ​សង្គ្រាម​ចិ​ត្ដ​សាស្ដ្រ គឺ​គ្មាន​ព្រំប្រទល់​នោះទេ ដែល​នឹងធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ទទួលផល​អវិជ្ជមាន​ច្រើនជាង​អវិជ្ជមាន​។ ទោះ​យ៉ាងនេះ លោក​បណ្ឌិត​បញ្ជាក់បន្ថែម​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​សង្គ្រាម​ចិ​ត្ដ​សាស្ដ្រ (​សង្គ្រាមពាក្យសម្ដី​) បានផ្ដល់​ផល​អវិជ្ជមាន​ជាច្រើន​មកដល់​ប្រជាជន​កម្ពុជា ជាពិសេស​យុវជន ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែមាន​ភារកិច្ច​ទទួល​ខុសត្រូវ​បន្ថែម និង​បន្តទៀត​ទៅលើ​ការងារ​ទាំងអស់នេះ ដើម្បី​ប្រទេស​មាន​សុខសន្តិភាព និង​ការរស់នៅ​កាន់តែ​ល្អប្រសើរ ពិសេស​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​កាន់តែច្រើន និង​ផ្តល់​ការងារ​ធ្វើ​ផងដែរ​មកដល់​ប្រជាជន​ក្នុងស្រុក​៕ ល​