មន្ដ្រី​កម្ពុជា​ចាត់ទុក​ការសម្រេច​របស់​សហភាព​អន្ដរ​សភា​មកលើ​កម្ពុជា ជាការ​រំលោភ​អធិបតេយ្យ​

245

(​ភ្នំពេញ​) ៖ សហភាព​អន្តរ​សភា ឬ ហៅ​កាត់​ថា IPU ដែលមាន​សមាជិក​១៧៤​ប្រទេស​បានសម្រេច​ចាត់ការ​តាម​បណ្ដឹង​របស់​អតីត​តំណាង​​រាស្ត្រ​បក្សប្រឆាំង​នៅ​កម្ពុជា ពោល​ជា​បណ្តឹង​ដែល​សុំ​អន្តរាគមន៍ ជុំវិញ​អ្វីដែល​អតីត​សមាជិក​បក្សប្រឆាំង​ហៅថា​«​ការ​ធ្វើទុក្ខបុកម្នេញ​ មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​» ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​នីតិសម្បទា ដល់​អតីត​តំណាងរាស្ត្រ​ទាំង​៥៥​រូប​វិញ​និង​លុបចោល​​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​ចំពោះ​ការសម្រេច​នេះ ត្រូវបាន​មន្ដ្រី​កម្ពុជា ចាត់ទុកថា ជាការ​រំលោភ​លើ​ឯករាជ្យ​និង​អធិប​​តេ​យ្យ​កម្ពុជា​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ បាន​លើកឡើងថា “​ការសន្និដ្ឋាន​របស់​ស​ភា IPU មកលើ​សភាពការណ៍​ម្ពុ​ជា មិនបាន​ផ្សារភ្ជាប់​នឹង​តថភាព​សង្គម​របស់​ក​ម្ពុ​ជា​ទេ​។ អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា​ដែល​ត្រូវបាន​រំលាយ​​ដោយ​តុលាការ​កំពូល គឺ​បណ្តាលមកពី​បាន​ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​ចង់​បំផ្លាញ ប្រទេសជាតិ​ខ្លួនឯង​។​បើ​មាន​​កំហុស​ធំ​យ៉ាង​នេះហើយ តើ​រដ្ឋាភិបាល​ប្រទេស​ណា អាច​អនុគ្រោះ​ឲ្យ​បាន​ឬទេ​? តើ​មាន​ប្រទេស​ប៉ុន្មាន​នៅក្នុង IPU អាច​អនុគ្រោះ​បាន​?”​។​

​លោក​បញ្ជាក់ថា ការ​មានមតិ​របស់​សភា​IPU គឺជា​សិទ្ធិ​មានមតិ​ផ្ទាល់ តែ​មតិ​ដែល​រំលោភ​លើ​ឯករាជ្យ និង អធិបតេយ្យភាព​កម្ពុជា មិនអាច​ទទួលយកបាន​និង​មិនមាន​ប្រសិទ្ធភាព​អ្វី​ឡើយ​។​

​លោក​ក៏បាន​សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ តែ​ទន្ទឹមនឹងនេះ ក៏​ប្រកាន់​នីតិរដ្ឋ​ផងដែរ​។​ការ​មាន​វិធានការ​​ផ្លូវច្បាប់​ចំពោះ​អតីត​បក្សប្រឆាំង គឺជា​ការពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​បានអនុម័ត​ក្នុងសម័យ​ប្រជុំ ពីថ្ងៃ​ទី​២៥ ខែមករា ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​សហភាព​អន្តរ​សភា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែលមាន​សមាជិក​១៧៤​ប្រទេស សម្រេច​ចាត់ការ​តាម​បណ្ដឹង​របស់​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​វិទ្យុ​អន្ដរជាតិ​RFI​។​

​ការចេញ​សេចក្តីសម្រេច​បែបនេះ របស់​សហភាព​អន្តរ​សភា​ឬ​IPU​មិនមែន​ធ្វើ​តែ​ចំពោះ​ប្រទេស​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ទេ​គឺ​IPU បានអនុម័ត​ដំណោះស្រាយ​លើ​ករណី​រំលោភ​ចំនួន​១៨​លើក ប្រឆាំងនឹង​សមាជិកសភា​ចំនួន ២៥២ រូប​នៅក្នុង​ប្រទេស​ចំនួន​១៤​។ ជារួម​មាន ប្រទេស​Venezuela កូរ៉េខាងជើង កូ​ឡុំ​ប៊ី អ៊ីរ៉ាក់ លី​បង់ នី​កា​រ៉ា​ហ្គ័​រ ហ្សី​ម​បា​វ៉េ និង​កម្ពុជា​ជាដើម​។​

​សម្រាប់​ករណី​ប្រទេស​កម្ពុជា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ដែលមាន​សមាជិករ​ហូ​ត​១៧៤​ប្រទេស បានសម្រេច​ទទួលយក​បណ្ដឹង របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់ទុកថា​ជា​បានការ និង​ថា​សហភាព​អន្តរ​សភា​IPU​មាន​សមត្ថកិច្ច ក្នុង​ការជួយ​រក​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ពេលនេះ​។ សេចក្ដីសម្រេច​ដដែល​នេះ ស្នើ​ឲ្យ​ស្ថាប័ន​អភិបាលកិច្ច របស់​សហភាព​អន្តរ​សភា​ទាំងអស់ ចាត់ការ​បន្ទាន់ ក្នុង​ការត្រួត​ពិនិត្យឡើងវិញ នូវ​ស្ថានការណ៍​នៅ​កម្ពុជា និង​អញ្ជើញ​សហគមន៍​សភា​ពិភពលោក និង​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ នៅលើ​ឆាក​អន្តរជាតិ ចូលរួម​ប្រឹងប្រែង រក​ដំណោះស្រាយ ដើម្បី​ស្តារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះ​ផងដែរ IPU ក៏​ទទូច​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព មកលើ​គណបក្សប្រឆាំង និង​ធានា​សុវត្ថិភាព ដល់​មន្ត្រី​គណបក្សប្រឆាំង ដើម្បី​ឲ្យ​ពួកគេ អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​គ្មាន​ការធ្វើ​បាប និង​អាច​ចូលរួម​ក្នុងការ​បោះឆ្នោត​មួយ​ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕​ដោយ​៖​វិបុល​/sn