មន្ដ្រី​គណបក្សកាន់អំណាច​ចាត់ទុក​ការចូលរួម​ឬ​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត របស់​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​សិទ្ធិ​របស់គេ​

688
ចែករម្លែក

ដោយ : វិបុល / ​ភ្នំពេញ ៖ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២ បានប្រកាសថា ខ្លួន​នឹងមិន​ដាក់​អ្នក សង្កេតការណ៍​បោះឆ្នោត​ទេ បន្ទាប់ពី​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ។ ការប្រកាស​នេះ ត្រូវបាន​មន្ដ្រី​គណបក្សកាន់អំណាច​ចាត់ទុកថា គឺជា​សិទ្ធិ​សម្រេច​ផ្ទាល់ខ្លួន​របស់​អង្គការ​ទាំងនោះ​។​

​អង្គការ​អង្គការ​មិនមែន​រដ្ឋាភិបាល​២​គឺ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុ​ត្តិ​ធិ​ម៌​(Comfrel) និង​អង្គការ Necfec និង អង្គការ​ដែលមាន​ទិន្នាការ​ទៅរក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​មិន​ដាក់​អ្នកឃ្លាំមើល​របស់ខ្លួន ឲ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​នេះឡើយ ។ បើតាម​សេចក្ដីប្រកាស​របស់ខ្លួន ដែល​ចុះផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​នោះ អង្គការ​ទាំង​២​នេះ បានបញ្ជាក់​ពី​មូលហេតុ នៃ​ការមិន​ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន ចូលរួម​ក្នុងការ​សង្កេតការណ៍​បោះឆ្នោត​ថា បារម្ភ​ពី​សុវត្ថិភាព​ក្រោយពី​ការបិទ​បន្ទប់​ស្ថានការណ៍ សម្រាប់​ឃ្លាំមើល​ការបោះឆ្នោត ។​

​យ៉ាងណាក្ដី មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ដឹកនាំ​ប្រទេស លោក សុខ ឥសាន បាន​លើកឡើងថា ក្នុងន័យ​ឆ្លើយតប​ទៅនឹង​ការប្រកាស​របស់​អង្គការ​ទាំង​២​នេះ​ថា ការចូលរួម​ឬ​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត របស់​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​សិទ្ធិ​សម្រេច​ផ្ទាល់ខ្លួន​របស់​អង្គការ​ទាំងនេះ ។​

​ប៉ុន្តែ​យ៉ាងណា លោក សុខ ឥសាន បាន​សង្កត់ធ្ងន់ថា បើ​អង្គការ​ទាំងនេះ​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត គឺ​មានន័យ​អង្គការ​នោះ បាន​បោះបង់​សិទ្ធិ​និយាយ​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ចាប់តាំងពី​ដំណាក់ កាល​ដំបូង​នៃ​ការបោះឆ្នោត រហូតដល់​ចប់​ការបោះឆ្នោត​និង​ក្រោយ​ការបោះឆ្នោត ។ ទោះបី​ធ្វើការ​ព្យាករណ៍ ការ​ទស្សន៍ទាយ ការវិភាគ ការលើក​ឡើងជា​មតិ អនុសាសន៍ ក៏ដូចជា​ការផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព៌​ត​មាន ជាដើម​ក៏​អត់​អាចមាន​ដែរ ។​

​មន្ដ្រី​នាំពាក្យ​រូបនេះ បាន​បន្ថែមថា នេះ​ជាការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង សុទ្ធសាធ ។ នៅ​ថ្ងៃក្រោយ បើសិនជា​ប្រព្រឹត្ត​ផ្ទុយ​ពី​កា​រស​ម្រ​ដ​ច​ចិត្ត​នេះ គឺ​អង្គការ​នោះៗ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការសម្រេចចិត្ត​របស់ខ្លួន ដោយ​ជៀស​មិន​រួច ។​

​ជាមួយគ្នានេះដែរ បើតាម​លោក ឌឹ​ម សុវណ្ណ​រ៉ុង បាន​អះអាង​ប្រាប់​វិទ្យុ​អន្ដរជាតិ​មួយ​ថា ការមិន​ដាក់​សង្កេតការណ៍​របស់​ខ្លួន ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​របស់​អង្គការ​ទាំង​២​នេះ គឺ​ពុំមាន​ឥទ្ធិពល​អ្វី​លើ​ការបោះឆ្នោត​ខាងមុខ​នោះទេ ព្រោះ​នៅមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ឯករាជ្យ​ជាច្រើន​ទៀត ៕

លោក​ សុខ ឥសាន មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា