មន្ដ្រី​នាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ ជាការ​ឈ្លានពាន​និង​រំលោភ​លើ​កម្ពុជា​ទាំងស្រុង​

1144
ចែករម្លែក

ដោយ ៖វិបុល/(​ភ្នំពេញ​) ៖ ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើក​ទី ៣៧ ដែល​ធ្វើឡើង​នៅ​ទីក្រុង ហ្សឺ​ណែវ ថ្ងៃទី ២១​មីនា ២០១៨ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បានដាក់​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួមមួយ តំណាង​ឲ្យ ៤៥​ប្រទេស ដោយ​ជម្រុញ​ឲ្យ​កម្ពុជា​ត្រលប់​រក​ស្ថានការណ៍​នយោបាយ ដដែល ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោតជាតិ នា​ថ្ងៃទី ២៩​កក្កដា ឆ្នាំ ២០១៨​ខាងមុខ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​សេរី និង​យុត្តិធម៌​។ ក្នុងនោះ ប្រទេស​ទាំង ៤៥ ក៏បាន​ស្នើ​ផងដែរ ឲ្យ​រដ្ឋាភិបាល​លុបចោល​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​ពួកគេ​ចាត់ទុកថា​ជាដើម​ចម​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​មន្ដ្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​សេចក្ដីថ្លែងការណ៍​នេះ នឹង​ចាត់ទុកថា នេះ​ជាការ​ឈ្លានពាន និង រំលោភ​លើ​កម្ពុជា​ទាំងស្រុង​។​

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាំក្យទីស្ដីការគណៈរដ្ឋមន្រ្ដី

​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើង​តាមរយៈ សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា​”​កម្ពុជា​យល់ឃើញ​នឹង​គោរព​ការទទួលស្គាល់ នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ដែល​ផ្តល់​សិទ្ធ​ពេញលិញ និង​គោរព​អធិបតេយ្យភាព សមាជិក​របស់ខ្លួន​។ អង្គការសហប្រជាជាតិ បានផ្តល់​កិច្ច​គាំពារ និង​ទទួលស្គាល់ ជា​ផ្លូវការ នូវ​សិទ្ធិ​ស្វ័យ​សម្រេច ដែលជា​អធិបតេយ្យភាព​របស់​ស​មា​ជិ​ក របស់ខ្លួន (​អង្គការសហប្រជាជាតិ​)​។​
​តុលាការ​កម្ពុជា​តំណាង​ដោយ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ដែល មិនមាន​បុគ្គល​ណា ឬ​ក្រុម​ណា នៅ​ថ្នាក់ជាតិ ឬ​អន្តរជាតិ មក​រំលោភបំពាន​បានឡើយ​។
​ដូចនេះ​ការទាមទារ​ដាក់​កំហិត ដល់​តុលាការ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​រូបភាព​ណាមួយ​នោះ​គឺ​ចាប់​ទុក​ថា​ជាការ​ឈ្លានពាន និង រំលោភ​លើ​កម្ពុជា​ទាំងស្រុង​។​”

​ក្នុងន័យនេះ លោក​បាន​អះអាងថា កម្ពុជា​មិនមែន​រដ្ឋ​ចំណុះ​នៃ​ភាព​អាណានិគម របស់​ក្រុម បរទេស​ណាមួយ​នោះឡើយ ត្បិត​កម្ពុ​ជាមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​កិច្ចធានា និង​រក្សា​នូវ​ភាពស្របច្បាប់ របស់ខ្លួន​។​

​លោក​បាន​បន្ថែមថា ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​គឺជា​ការប្ដេជ្ញា​របស់​កម្ពុ​ជា​ក្នុង​កិច្ច​គោរព និង រក្សា​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្នុងការ​បោះឆ្នោត ដោយ​ទៀងទាត់​តាម​ដែន​កំណត់​នៃ​ច្បាប់បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​នេះ ជា​អទិភាព​របស់​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​អាជ្ញាធរ​រដ្ឋ​ដ៏​ទេ​ទៀត ដែល ពាក់ព័ន្ធ​នៃ​ដំណើរការ​ការបោះឆ្នោត​នេះ នោះ​រាប់ទាំង​យន្ត​ការណ៍ និងសេចក្ដីសម្រេច​លទ្ធផល​នៃ​ការបោះឆ្នោត​។ ពិភពលោក​ស្គាល់​កម្ពុជា​ច្បាស់​ថា ជា​ប្រជាជាតិ ស្រលាញ់ សន្តិភាព និង​សហប្រតិបត្តិ​ការណ៍​ជាមួយនឹង​ប្រជាជាតិ​ដ៏​ទៃ​ក្នុង​លោក មិន​ប្រកាន់​ព័ណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ កម្ពុជា​នៅតែ​វាយតម្លៃ​ខ្ពស់​នៅ​រាល់​កិច្ចសហការ ទាំង​វិស័យ​សង្គមកិច្ច នយោបាយ និង​ពាណិជ្ជកម្ម​។​

​លោក​បាន​សង្កត់ធ្ងន់​ជា​ចុងក្រោយ​ថា កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​អំពើ និង​សកម្មភាព​ភេរវកម្ម​។ កម្ពុ​ជាមាន​ជំហរ​ច្បាស់លាស់​ដាច់ខាត ចង់បាន​ពី​ភព​លោក​រស់នៅ​យ៉ាង​សុខសាន្ត និង​សន្តិភាព​ប្រាសចាក​ពី​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក និង​អរិភាព​គ្រប់បែបយ៉ាង​៕