មន្ដ្រី​នាំពាក្យ​CPP ៖ ការធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​ថ្មី​នេះ គឺ​ដើម្បី​តម្រង់ទិស​គណបក្សនយោបាយ​

1157
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​ជា​ថ្មី​ម្តងទៀត​នេះ គឺ​ដើម្បី​តម្រង់ទិស​គណបក្សនយោបាយ ឲ្យ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រកួតប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ កុំ​ឲ្យ​លេងល្បិច​ទុច្ចរិត រំលោភច្បាប់ រំលោភ​ក្រមសីលធម៌ គោលការណ៍ និង​នីតិវិធី​ផ្សេងៗ​ដែល​បានកំណត់​។
​ ​
​ការលើកឡើង​របស់លោក​សុខ ឥសាន​បែបនេះ​គឺជា​ការឆ្លើយតប​ទៅនឹង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​​ចាត់ទុក​ការអនុម័ត​សេក​ក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ថ្មី​នេះ​ថា​ជាការ​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​​ប្រជាធិបតេយ្យ​។​
​ ​
​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ លោក​សុខ ឥសាន បាន​បន្តថា “​ចំពោះ សម រង្ស៊ី​មិនបាច់​អ្នកណា​សម្លាប់​ជីវិត​នយោបាយ​​របស់គាត់​ទេ ជាក់ស្តែង​គឺ​ខ្លួន​គាត់​បានសម្លាប់​ជីវិត​នយោបាយ​ខ្លួន​រួចទៅហើយ តាមរយៈ​ដាក់ពាក្យ​សុំលាលែង​ពី​ប្រធាន​គណបក្ស​និង​​ពី​សមាជិក​គណបក្ស កាលពី​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ​២០១៧…​ដូច្នេះ ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​មិនមែន​គោល​ដៅ​បញ្ចប់ជីវិត​នយោបាយ​ស​ម រង្សី​ទេ ព្រោះ​បាន​ស្លាប់បាត់​រួចហើយ​…”​។​
​ ​
​សូមបញ្ជាក់ថា ភ្លាមៗ​បន្ទាប់ពី​រដ្ឋសភា បើក​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីស្នើ វិ​សោ​ន​កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ក្រុម​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​មិន​គាំទ្រ​និង​ទាមទារ​​ឲ្យ​បញ្ឈប់​ការពិភាក្សា និង​អនុម័ត ទៅលើ​សេចក្តីស្នើច្បាប់​មួយ​នេះ​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រកួតប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ ។​
​ ​
​សេចក្តីថ្លែងការណ៍​រប​ស់ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា សេចក្តីស្នើច្បាប់​នេះ មាន​ចរិត​នយោបាយ គាបសង្កត់​លើ​សិទ្ធិ​បុគ្គល និង​កាប​សង្កត់​មកលើ​គណបក្ស​នយោបាយ ក្នុងន័យ​កម្ចាត់​ខ្មែរ​គ្នាឯង និង​គាបសង្កត់​គូប្រជែង​ន​​យោ​បាយ​តែប៉ុណ្ណោះ​។ សេចក្តីថ្លែងការណ៍​នេះ បាន​ចាត់ទុកថា សេចក្តីស្នើច្បាប់​គណបក្ស​នយោបាយ មិន​ស្របតាម​គោលការណ៍​នីតិរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​៕ ​ដោយ ៖វិបុល

#