មន្ដ្រី​នាំពាក្យ ៖ ក្រសួង​ព័ត៌មាន​ស្វាគមន៍​ជានិច្ច​ចំពោះ​ការតវ៉ា​ពី​បណ្ដា​ស្ថានីយ​វិទ្យុ​ដែល​បាន​បិទ​ ​

968
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់ពី​មានការ​ប្រកាសថា បណ្ដា​ស្ថានីយ៍​វិទ្យុ​មួយចំនួន​គ្រោង​តវ៉ា​រឿង​ការបិទ​ស្ថានីយ​ផ្សាយ​របស់ខ្លួន​ក្រសួង​ព័ត៌មាន​បាន​ប្រ​​កាស​ជំហរ​ស្វាគមន៍​ជានិច្ច ដល់​បណ្ដា​ស្ថានីយវិទ្យុ​ទាំងឡាយ ដែលមាន​បំណង​ចង់​តវ៉ា​។​
​ ​
​ថ្លែងប្រាប់​រស្មី​កម្ពុជា នា​រសៀល​ថ្ងៃទី​២៨ ខែសីហា​នេះ លោក​អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការក្រសួង​ព័ត៌មាន​បញ្ជាក់ថា ក្រសួង​នឹង​ស្វាគមន៍​ជានិច្ច ដើម្បី​ជជែក​ឬ​ផ្ដល់​ហេតុផល​យ៉ាង​សមស្រប ដល់​បណ្ដា​ស្ថានីយ​ដែលមាន​បំណង​ចង់​តវ៉ា លើ​ករណី​បិទ​ការផ្សាយ​របស់ខ្លួន​។​
​ ​
​លោក​បានបញ្ជាក់​បន្ថែម​ថា ហេតុផល​តែ​ម្យ៉ាង​ដែល​ក្រសួង​នឹង​បញ្ជាក់​គឺ​លើ​កិច្ចសន្យា​ដែល​បណ្ដា​ស្ថានីយ​វិទ្យុ​ទាំងនោះ​បានធ្វើ​ជាមួយ​​ក្រសួង​ព័ត៌មាន​។​
​ ​
​គួររំលឹកថា តាមរយៈ​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃទី​២៧ ខែសីហា បាន​លើកឡើងថា អ្នកគ្រប់គ្រង​ស្ថានីយ​វិទ្យុ អេ​ហ្វ​.​អឹម (FM) មួយចំនួន​នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ផ្សេងទៀត​ដែល​ធ្លាប់​ចាក់ផ្សាយ​បន្ត​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី (RFA)​និង​វិទ្យុ​សំឡេង​​សហរដ្ឋអាមេរិក (VOA) នៅ​ថ្ងៃទី​២៧ សីហា បាននាំគ្នា​ធ្វើដំណើរ​ឡើងទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទៅ​ជួបពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន ស្នើសុំ​ឲ្យ​បើក​ដំណើរការ​ស្ថានីយ​វិទ្យុ​របស់ខ្លួន​ឡើងវិញ ខណៈដែល​វិទ្យុ​ទាំងនោះ​ត្រូវបាន​បិទទ្វារ​អស់​ជាច្រើន​ថ្ងៃ​ហើយ​ក្រោយពី​ពួកគេ​ទទួល​​លិខិត​ពី​មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន នៅតាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន​។​
​ ​
​បើតាម​ការដកស្រង់​សម្ដី​របស់​វិទ្យុ​អាស៊ីសេរី​បានបញ្ជាក់​ថា លើ​ម្ចាស់​ស្ថានីយ​វិទ្យុ​ស្ទឹង​ខៀវ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ លោក គុយ សំ​រិទ្ធី មានប្រសាសន៍ថា វិទ្យុ​របស់លោក​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១២ ដោយមាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ព័ត៌មាន ត្រឹមត្រូវ​។ លោក​អះអាងថា នៅ​ព្រឹក​ថ្ងៃទី​២៧ សីហា លោក​បានចេញ​ដំណើរ​ពី​ខេត្តបាត់ដំបង ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ទៅ​ជួបពិភាក្សា​ជាមួយ​​មន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា ដើម្បី​សាកសួរ​ពី​មូល​ហេតុដែល​ក្រសួង​ឲ្យ​ពួកគេ​បិទ​កម្មវិធី​ផ្សាយ​ទាំងអស់​កាលពី​ព្រឹក​ថ្ងៃទី​២៥ សីហា នោះ ៖ “…​ហើយ​កំពុង​ដំណើរ​អាជីវកម្ម ដល់​បិទ​ទាំងស្រុង​អ៊ីចឹងទៅ វា​ប៉ះពាល់​ដល់ដៃ​គូ​ផ្សាយពាណិជ្ជកម្ម​ដែល​គេ​ធ្វើ​ជាមួយ​យើង​… ខ្ញុំ​ចង់​ឲ្យ​វា​ដំណើរការ​ឡើងវិញ ប្រសិនជា​គេ​ត្រូវការ​ច្បាប់ទម្លាប់​យ៉ាងណា សុំ​គេ​ចង្អុលបង្ហាញ​មក​… ហេតុ​បានជា​ត្រូវ​បិទ​ទាំងស្រុង​ដូច្នោះ​…”​។​
​ ​
​យ៉ាងណាក្ដី ទាក់ទិន​នឹង​ការប្រកាស​ឡើង​តវ៉ា​នេះដែរ លោក​អ៊ុក គឹម​សេង ក៏បាន​អះអាងថា​រហូតមកទល់​ពេលនេះ​មិនទាន់​ឃើញ​​មាន​វិទ្យុ​ណា​មក​តវ៉ា​នៅ​ក្រសួង​នៅឡើយ​ទេ ឃើញតែ​មានការ​ចុះផ្សាយ​បណ្ដា​សារព័ត៌មាន​តែប៉ុណ្ណោះ​៕​ដោយ​៖​វិបុល​/sn

បើតាមសារព័ត៌មានក្នុងស្រុក ស្ថានីយវិទ្យុ១៥-១៦ត្រូវបានបិទក្រោមចំណាត់ការក្រសួងព័ត៌មាន