មន្ដ្រី​នាំពាក្យ ៖ គណបក្ស​ប្រជាជន​មិន​ចង់​រំលាយ​គណបក្សប្រឆាំង​ទេ តែ​មកពី​ធ្វើ​ខុសច្បាប់​ ​

2687

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​លើកឡើងថា គណបក្ស​ប្រជាជន​គ្មាន​បំណង​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង ដ៏​ធំ​នៅ​កម្ពុជា​នោះទេ បើ​គណបក្ស​នេះ​មិន​ធ្វើ​ខុសច្បាប់​។​

​ការលើកឡើង​របស់​ម​ន្ដ្រី​នាំពាក្យ​រូបនេះ គឺ​បន្ទាប់ពី​មានការ​លើកឡើង​ពី​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន រួមមាន​ក្រុមអ្នកវិភាគ អង្គការ​សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង និង​ជនបរទេស​មួយចំនួន​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​គម្រោងការ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គូ​ដ៏​ស្វិតស្វាញ​របស់ខ្លួន ដែល​កំពុងមាន​ប្រជាប្រិយភាព និង​ឈានទៅ​ដណ្ដើម​សំឡេងឆ្នោត​ភាគច្រើន ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​យ៉ាងនេះ​ក្ដី សម្រាប់​លោក សុខ ឥសាន ដែលជា​មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​លើកឡើងថា ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា មានការ​លើក​ជាម​តិ រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុនប៉ង​រំលាយ គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ប៉ុន្តែ​ការពិត​ជាក់ស្តែង មិនមាន​អ្នកណា ចង់​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ​ទេ ហើយក៏​មិនអាច​រំលាយ​បានដែរ បើសិនជា​គណបក្ស​នេះ មិនបាន​ប្រព្រឹត្ត​ខុសច្បាប់ ដែល​មិនត្រូវ​ប្រឈម ចំពោះមុខ​មាត្រា​៣៨​ថ្មី និង​មាត្រា​៤៤​ថ្មី នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ​។​

​លោក​បន្តថា ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ខ្លួនឯង​ទេ ដែល​បាន​ប្រព្រឹត្ត​បំពាន​ច្បាប់ ស្តីពី​គណបក្សនយោបាយ ពាក់ព័ន្ធ​នឹង​មាត្រា​៦ ថ្មី​ពីរ និង​មាត្រា​៧​ថ្មី ទើប​ត្រូវបាន​ក្រសួងមហាផ្ទៃ ប្តឹងទៅ​តុលាការ​កំពូល​ដើម្បី ឲ្យ​តុលាការ​ពិនិត្យ​ពិរុទ្ធភាព និង​សម្រេច​តាម​កំហុស​ជាក់ស្តែង​។ ដូច្នេះ កុំ​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​ថា ប៉ុនប៉ង​រំលាយខ្លួន​នោះ​មិន​ត្រឹមត្រូវ​ទេ​។

​លោក សុខ ឥសាន បន្ថែមថា អស់លោក​បរទេស ត្រូវ​ពិនិត្យ និង សិក្សា​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា ឲ្យ​បាន​ច្បាស់​សិន​មុន នឹង​និយាយ​វាយប្រហារ មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​។ ហេតុ​អី្វ​មិន​បន្ទោស​អ្នក​ល្មើសច្បាប់ ហើយ​បែរជា​មក​បន្ទោស អ្នក​អត់​ខុសច្បាប់​ទៅវិញ​៕ដោយ៖វិបុល/sn