មន្ដ្រី​នាំពាក្យ ៖ រាជរដ្ឋាភិបាល​មិន​យក​បញ្ហា​អធិបតេយ្យ​ជាតិ​មិន​លេងសើច​ដើម្បី​ចំណេញ​នយោបាយ​ឡើយ​ ​

624

(​ភ្នំពេញ​) ៖ លោក​ផៃ ស៊ី​ផាន មន្ដ្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​​តេ​ជោ មិន​យក​បញ្ហា​អធិបតេយ្យភាព​ជាតិ មក​ធ្វើ​ជាការ​លេងសើច​ដើម្បី​ចំណេញ​នយោបាយ​ឡើយ​។​

លោក​ផៃ ស៊ី​ផាន មន្ដ្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា

​ ​ការលើកឡើង​របស់​ម​ន្ដ្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បែបនេះ គឺ​ក្នុងន័យ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​មួយចំនួន​ដែល​បាន​ចោទប្រកាន់​​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា យុទ្ធសាស្ត្រ​នយោបាយ​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន​កំពុង​អនុវត្ត​ជាមួយ​ប្រ​​ទេស​ឡាវ​នេះ​គឺ​ដើម្បី​ទាក់​ទាញយក​ប្រជាប្រិយភាព​តែប៉ុណ្ណោះ​។​
​ ​
​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ នេះ លោក​ផៃ ស៊ី​ផាន បាន​លើកឡើងថា​រាជរដ្ឋាភិបាល​​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ គឺមាន​គោលនយោបាយ​ច្បាស់លាស់ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​រក្សា​ឲ្យ​បាន​នូវ​បូរណភាព អធិបតេយ្យភាព​ទឹកដៃ ដោយ​មិនអាច​ឲ្យ​អ្នកណា​យាយី​ឡើយ​។
​ ​
​ក្នុងន័យនេះ លោក​ស៊ី​ផាន ក៏បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​យក​បញ្ហា​អធិបតេយ្យ ស្ថេរភាព សន្ដិភាព​ប្រទេសជាតិ​មកជា​​ការលេង​សើច ឬ​ដើម្បី​ទាក់ទាញ​នយោបាយ​អ្វី​នោះឡើយ ដោយ​មិន​ដូច​ជន​មួយចំនួន​ដែល​តែងតែ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​លក់​ឧ​ត្ត​ម​គតិ​របស់ខ្លួន បម្រើ​តាម​ខ្សែ​ញាក់​របស់​ជនបរទេស​នោះឡើយ​។​
​ ​
​អ្នកវិភាគ​បញ្ហានយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ក្រៅ​ស្រុក​មួយ បានបង្ហាញ​ការយល់ឃើញថា​វិធី​សាស្ត្រ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន កំពុងតែ​ដោះស្រាយ​នៅពេលនេះ វា​ហាក់​ដូចគ្នា​ណាស់​ទៅនឹង​ព្រឹត្តិការណ៍​កាលពី ១០​ឆ្នាំមុន​ដែល​​នៅពេលនោះ ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ទទួល​បាន​អាសនៈ​ខ្ពស់បំផុត​រហូតដល់ ៩០​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប​១២៣​អាសនៈ​​នៅក្នុង​រដ្ឋសភា​។​
​ ​
​អ្នកឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៨ បានធ្វើ​ឲ្យ​បក្ស​កាន់​​អំណាច​នៅពេលនោះ ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​យ៉ាងច្រើន​។ លោក​បន្តថា​ព្រឹត្តិការណ៍​លើក​នេះ​ក៏​ហាក់ដូចជា​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​​ដែរ ស្របពេល​ការបោះឆ្នោត​ក៏​កាន់តែ​ខិតជិត​មកដល់​ណាស់ដែរ​ហើយ “…​មុន​ការបោះឆ្នោត​ឆ្នាំ​២០០៨​ហើយ​ពេលនោះ​រដ្ឋាភិបាល​គឺ​​គណបក្ស​ប្រជាជន បានទទួល​ការគាំទ្រ​យ៉ាងច្រើន​…​ឥឡូវនេះ ក៏មាន​របៀប​គ្នា​អ៊ីចឹង​ដែរ​មុន​ការបោះឆ្នោត​គ្រាន់តែ​យូរ​បន្តិច​…​ប៉ុន្តែ​​ស្ថិតក្នុង​កាលៈទេសៈ​មួយ​ដែល​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ដណ្ដើម​សន្លឹកឆ្នោត​យ៉ាងខ្លាំង​ក្លា​…”៕​ដោយ​៖​វិបុល​/sn