មន្ដ្រី​បក្ស​កាន់អំណាច​អះអាងថា ការរំលាយ​បក្សប្រឆាំង​មិន​ពាក់ព័ន្ធ​សមាសភាព​គ​.​ជ​.​ប ឡើយ​ ​

317

(​ភ្នំពេញ​) ៖ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិន​ប៉ះពាល់​នោះទេ​។ នេះ​បើតាម​ការអះអាង ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ ។​
​ ​
​លោក​សុខ ឥសាន បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុងករណី​ដែល​គណបក្សប្រឆាំង​នៅ​កម្ពុជា ត្រូវ​រំលាយ​ដោយ​ច្បាប់​តាម​ការសម្រេច​របស់​តុលាការ​​កំពូល​នោះ មាន​ផលប៉ះពាល់​ដល់ អាសនៈ​តំណាងរាស្ត្រ អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ និង អាសនៈ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ការបោះឆ្នោត​អនុវត្តតាម​ប្រព័ន្ធ​សមាមាត្រ​។​
​ ​
​ការមិន​ប៉ះពាល់​ដល់​សមាជិក​រប​ស់ គ​.​ជ​.​ប លោក​បញ្ជាក់ថា ព្រោះ​សមាសភាព​ក្នុង​គ​.​ជ​.​ប បាន​លាលែង​ពី សមាជិក​បក្ស​រួចរាល់ ខណៈ​សមាជិក គ​.​ជ​.​ប​មួយចំនួន​មក ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ ​
​ក្រោយពី​ក្រសួងមហាផ្ទៃ បានដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​កំពូល ដោយ​សុំ​ឲ្យ​មានការ​រំលាយ​គណបក្ស​នេះ​ចោល​ដោយហេតុ​មាន​ជាប់​​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ បានធ្វើ​ឲ្យ​មាន​ក្ដីបារម្ភ​ពី​មជ្ឈដ្ឋាន​មួយចំនួន ដែល​ស្ថានភាព​នេះ នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​ការបោះឆ្នោត​លើក​ក្រោយ ដោយ​សមាជិក​គ​.​ជ​.​ប មួយចំនួន មាន​កូតា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​បញ្ហា​ហើយ​ឈាន​​ទៅ​មាន​ភាពចម្រូងចម្រាស់ និង​អាចធ្វើ​ឲ្យ​គ​.​ជ​.​ប ត្រូវ​វិល​ទៅ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង​ដោយ​គណបក្ស​ប្រជាជន​វិញ​។​
​ ​
​ទន្ទឹមនឹងនេះ ក៏មាន​ព័ត៌មាន​លេចឮ​មួយចំនួន​ដែរ​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយចោល នោះ​សមាជិក​គ​.​ជ​.​ប មួយចំនួន​ក៏​នឹង​លាលែង​ពី​តំណែង​ដែរ​។​
​ ​
​ជាក់ស្ដែង លោក រ៉ុង ឈុន ដែល​ចូល គ​.​ជ​.​ប តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​គណ​បក្សប្រឆាំង​មួយ​ថា លោក​នឹងមិន​នៅ​ធ្វើការ​ទេ​ប្រសិនបើ​បក្ស​មួយ​នេះ​ត្រូវបាន​រំលាយ ៖“…​ជំហរ​ខ្ញុំ​គឺថា​ប្រសិនបើ​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវបាន​រំលាយ​ខ្ញុំ​នឹង​លាលែង​ពី គ​.​ជ​.​ប​. ….​ខ្ញុំ​កំពុងធ្វើការ​ជាមួយ​ស្ថាប័ន​អព្យាក្រឹត ប៉ុន្តែ​…​ប្រសិនបើ​មានតែ​ម្ខាង​តើ​យើង​អាច​​ជា​អាជ្ញាកណ្តាល​អព្យាក្រឹត​យ៉ាងម៉េច​ទៅ​?…”​។​
​ ​
​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ គ​.​ជ​.​ប​. លោក ហង្ស ពុទ្ធា បាន​ថ្លែងថា “…​ព័ត៌មាន​ដែលថា​សមាជិក​ដែល​ត្រូវបានតែងតាំង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិចារណា​លាលែង​ពី​តំណែង គឺ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​…​យើងទាំងអស់គ្នា​កំពុង​នៅ​ធ្វើការ​ជាមួយគ្នា​…​ហើយ​យើង​សង្ឃឹមថា​ពួកគេ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​…”៕​ដោយ​៖​វិបុល​/sn