មន្ដ្រី​បក្ស​កាន់អំណាច​៖​សភាពការណ៍​នយោបាយ អាក្រក់​- អាក្រក់ ដដែល​សម្រាប់​សម រង្សី និង​បក្សពួក​

443

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​លើកឡើងថា ទណ្ឌិត សម រង្សី​មាន​សុទិដ្ឋិនិយម​ដោយ​ខ្លួន​​ឯង​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នឹងមាន​លក្ខណៈ​អាក្រក់​នៅ​ដើមដំបូង​ហើយ​នៅពេល​ចុងក្រោយ​នឹង​បានល្អ​វិញ​ការ​មាន​​សង្ឃឹម​បែបនេះ​របស់ សម រង្ស៊ី ដោយសារ​រំពឹង​ទៅលើ​លទ្ធផល​នៃ​ការដាក់​គំនាប​និង​ការប៉ុនប៉ង​ដាក់ទណ្ឌកម្ម​ផ្សេងៗ​មកលើ​រាជ​​រដ្ឋាភិបាល​កម្ពុជា ដោយ​ពួក​មេក្លោង ដើម្បី​ការពារ​ពួក​អាយ៉ង​របស់ខ្លួន​។​
​ ​
​តាមរយៈ​សំណេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោ​ន សុខ ឥសាន​បញ្ជាក់ថា​៖ ក្តីសង្ឃឹម​នេះ​បាននិងកំពុង​ស្ថិតនៅក្នុង​ក្តី​អស់សង្ឃឹម​​យ៉ាងខ្លាំង ដោយសារ ទណ្ឌិត សម រង្សី បើ​មិន​ស្គាល់​សម្តេច​តេ​ជោ ហ៊ុន សែន ច្បាស់​ក៏​ធ្លាប់បាន​ភ្លក់​រស់ជាតិ​ជាមួយ​សម្តេច​តេ​ជោ​ច្រើន​​ដង​ហើយ​ដែរ សមល្មម​ដឹង​យ៉ាងណា​ហើយ​។ ម្យ៉ាងទៀត សម រង្សី ធ្លាប់បាន​ភូតកុហក​សម្តេច​ច្រើនដង​ហើយ ល្មម​ឲ្យ​សម្តេច​លែងយក​ចិត្ត​​ទុកដាក់​ចាប់អារម្មណ៍​ដូច​មុន​ទៀតហើយ ។ បញ្ហា​នេះ គឺជា​ការបិទផ្លូវ​សម រង្សី​ជា​រៀងរហូត​តទៅ គ្មាន​ថ្ងៃ​វិល​វិញ​សោះឡើយ​នៅ​រក្សា​ឋានៈ​​ជា​ទណ្ឌិត​ជា​រហូត​តទៅ លុះត្រាតែ​បាន​អនុវត្ត​ទោស​គ្រប់ តាម​ការកំណត់​នៃ​ច្បាប់ ។​
​ ​
​លោក សុខ ឥសាន បញ្ជាក់​បន្ថែមថា ផ្អែកលើ​មូលដ្ឋាន​នេះ គោលបំណង​របស់ សម រង្ស៊ី​មិនអាច​បាន​ដូច​ការ​គិតទុក​នោះឡើយ​។​សម្តេច​​តេ​ជោ មាន​គោលជំហរ​និង​ទិសដៅ​ការងារ​ច្បាស់លាស់ គឺ​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដើម្បី​ថែរក្សា​ការពារ​ឲ្យ​បាន​​សន្តិភាព ស្ថេរភាព​នយោបាយ សេចក្តីសុខ​រីកចម្រើន​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ស្របតាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​បានទទួល​ការគាំទ្រ​ពី​ប្រជាជន ។​
​ ​
​ដូច្នេះ រាជរដ្ឋាភិបាល​កម្ពុជា របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​រាថយ​ចំពោះ​ឧបសគ្គ​គ្រប់បែបយ៉ាង​ដែល​ចង់​ចង់​ឲ្យ​បោះបង់ចោល​​ទិសដៅ​និង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បានជា​ដាច់ខាត​។ សរុបមក ក្តីសង្ឃឹម​របស់​ទណ្ឌិត​សម រង្សី​ដែលថា​ស្ថានភាព​​នយោបាយ​អាក្រក់​ដំបូង​និង​ល្អជា​ក្រោយ​សម្រាប់​ខ្លួន និង​ក្រុម​ខ្លួន​ដោយសារតែ​មកពី​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ មិនអាច​ចេញ​ជាការ​ជាក់ស្តែង​ទេ ធាតុពិត​គឺ​នៅតែ​ជា​សភាពការណ៍​នយោបាយ អាក្រក់​- អាក្រក់ ដដែល​សម្រាប់​សម រង្សី និង​បក្សពួក​៕​ដោយ​៖​វិបុល​/sn