មន្ដ្រី​បក្ស​កាន់អំណាច ថា​នយោបាយ​របស់​មេបក្ស​ប្រឆាំង គឺ​ក្បត់ប្រជាជន​កម្ពុជា​

602

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​Telegram​នៅ​ព្រឹក​ថ្ងៃទី​២៧ សីហា នេះ បានបញ្ជាក់​អំពី នយោបាយ​ក្បត់ប្រជាជន​កម្ពុជា របស់​គណបក្សប្រឆាំង​។​
​ ​
​លោក សុខ ឥសាន បាន​បញ្ជាក់ថា “​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​កម្ពុជា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ បណ្តា​ប្រទេស​ចំនួន​១៨ ជា​ហត្ថលេខី បាន​សន្យា​ជួយ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពី​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា​ត្រូវបាន​​បញ្ចប់ ហើយ​ប្រទេស​កម្ពុជា ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ក៏ត្រូវ​ការស្តារ​ឡើងវិញ​ដែរ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យ​​កាន់តែ ប្រសើរឡើង ។​
​ ​
​អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា បានបញ្ជាក់​បន្ថែមទៀត​ថា “​ដោយ​ខ្លាច​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រជាប្រិយភាព​ខ្ពស់ជាង មិនអាច​ប្រកួតប្រជែង​បាន ទើប​មេបក្ស​ប្រឆាំង​បង្កើតឡើង នូវ​នយោបាយ​រារាំង​ការរីកចម្រើន របស់​ប្រទេសជាតិ​ដោយ​ប្រើពាក្យ​ស្លោ​កថា ៣​កុំ គឺ​កុំ​ផ្តល់ជំនួយ​មក​ឲ្យ​កម្ពុជា​, កុំមក​វិនិយោគ​នៅ​ក​ម្ឋុ​ជា និង កុំ​នាំចូល​ផលិតផល​ពី​កម្ពុជា​”​។​
​ ​
​គោលនយោបាយ​៣​កុំ របស់​គណបក្សប្រឆាំង​នេះ គឺជា​នយោបាយ​វាយ​បំបែក​ឆ្នាំងបាយ​របស់​ក​ម្មករ និយោជិត​កម្ពុជា រាប់លាន​នាក់ ដែល​កំពុងតែ​មានការ​ងារ​ធ្វើ មាន​ប្រាក់​ឈ្នួល​សមរម្យ និង​មាន​ជីវភាព​រស់នៅ​សមរម្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ស្របតាម​ការយក​​ចិត្ត​ទុកដាក់ គិតគូរ​ពី​រាជរដ្ឋាភិបាល របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច​បានឃើញ​ជាក់ស្តែង​ស្រាប់ និង​បាននិងកំពុង​ទទួលផល​ជា​បន្តបន្ទាប់​ជាក់ស្តែង ស្របតាម​ទិស​ស្លោក ៣​សុំ គឺ សុំ​ផ្តល់ជំនួយ​មក​កម្ពុជា​, សុំ ចូលមក​វិនិយោគ​នៅ​កម្ពុជា និង​សុំ​នាំចូល ផលិតផល ពី​កម្ពុជា ដើម្បី​ស្ថេរភាព​ផលិតកម្ម ស្ថេរភាព​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត ជា​កូនចៅ​ប្រជាជន​កម្ពុជា​។​

​បើតាម​លោក សុខ ឥសាន បងប្អូន​កម្មករ និយោជិត មិន​ត្រូវការ​គោលនយោបាយ ៣​កុំ របស់​បក្សប្រឆាំង ដែល​វាយ​បំបែក​ឆ្នាំងបាយ របស់​កម្មក និយោជិត​ជាដាច់ខាត​៕​ដោយ​៖​វិបុល​/sn