មន្ត្រីការទូត​កំពូល​របស់​អ៊ីរ៉ង់​ជួបពិភាក្សា​ដ៏​ភ្ញាក់ផ្អើល​អំពី​ស៊ី​រី​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​

706
ចែករម្លែក
  • 29
    Shares

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (Mohammad Javad Zarif) កាលពី​ថ្ងៃ​ពុធ​ទី​២៩​សីហា​បានធ្វើ​កិច្ចចរចា​ដែល​មិនបាន​ប្រកាស​ពីមុនមក​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន ជាមួយ​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ី​រី​ទំនងជា​គ្របដណ្តប់​លើ​របៀបវារៈ​។ នេះ​បើ​យោងតាម​ការប្រកាស​ឱ្យដឹងពី​លោក​អឺ​ដូ​ហ្គែ​ន​ផ្ទាល់​។

​ជាមួយនឹង​ការរំពឹងទុក​ថា​នឹងមាន​ការកើនឡើង​នៃ​ការវាយលុក​ដោយ​លោក​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អ៊ីរ៉ង់ នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ជាប់​ព្រំដែន​តួ​ក​គី លោក​ហ្សា​រី​ហ្វ​បាន​ជួប​សន្ទនា​១​ម៉ោង​ជាមួយ​លោក​អឺ​ដូ​ហ្គែ​ន​នៅឯ​ទីស្នាក់ការ​គណបក្សកាន់អំណាច​របស់លោក​នៅក្នុង​ទីក្រុង​អង់កា​រ៉ា​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​តួ​ក​គី Anadolu បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​តួ​ក​គី​លោក ម៉េ​វ​លូត ខា​វូ​សូ​គ្លូ (Mevlut Cavusoglu) ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះ បាន​និយាយថា “​ទំនាក់ទំនង​ទ្វេភាគី​…​និង ស៊ី​រី​” បាន​ស្ថិតនៅលើ​របៀបវារៈ​។​

​លោក​ហ្សា​រី​ហ្វ ដែល​បច្ចុប្បន្ន​កំពុងធ្វើដំណើ​រ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ថា ការចរចា​នេះ “​មាន​ផ្លែផ្កា​”​។​

​លោក​បាន​និយាយថា ពួកគេ​បាន​ផ្តោតលើ “​ទំនាក់ទំនង​ទ្វេភាគី​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​គ្រា​ប្រឈម​នឹង​អាកប្បកិរិយា​ព្យាបាទ​របស់​អាមេរិក​” ។​

​អ៊ីរ៉ង់​បាន​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​តួ​ក​គី ខណៈដែល​ប្រទេស​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​ទណ្ឌកម្ម​ពីស​ត្រូវ​ជូរចត់​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​ដែល​បណ្តាលឱ្យ​លុយ​លី​រ៉ា​របស់​តួ​ក​គី​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​។​

​តួ​ក​គី​បាន​រក្សា​ការព្រួយបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការវាយលុក​លើ​ខេត្ត​អ៊ី​ដ​លី​ប ខណៈដែល​ខ្លួន​កំពុង​ស្វែងរក​សន្តិភាព​ដល់​ស៊ី រី​រួមជាមួយ​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​សំខាន់​របស់​អ៊ីរ៉ង់ គឺ​រុស្ស៊ី​។​

​អំឡុង​សង្គ្រាមស៊ីវិល​រយៈពេល​៧​ឆ្នាំ​នៅក្នុង​ប្រទេស​ស៊ី​រី រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​គាំទ្រ​ពួក​ឧទ្ទាម​ដែល​កំពុង​ស្វែងរក​ការទម្លាក់​លោក​អាសាដ ប៉ុន្តែ​បានដាក់​ការខ្វែងគំនិត​គ្នា​នៅ​មួយ​ឡែក​សិន ដើម្បី​បង្កើត​សម្ព័ន្ធមិត្ត​ត្រីភាគី​ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​និង​មូ​ស្គូ​។​

​សារព័ត៌មាន​តួ​ក​គី​នានា​បាន​រាយការណ៍​ថា លោក​អឺ​ដូ​ហ្គែ​ន​និង​សម​ភាគី​របស់លោក គឺ​លោកហាស​សាន់ រូ​ហា​នី របស់​អ៊ីរ៉ង់​និង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​របស់​រុស្ស៊ី គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​អ៊ីរ៉ង់​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី ៣ ស្តីពី​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃទី ៧ ខែកញ្ញា​។​

​ប៉ុន្តែ​ក្រុមអ្នកវិភាគ​និយាយថា ខេត្ត​អ៊ី​ដ​លី​ប ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម អាច​នឹង​ធ្វើតេស្ត​សម្ព័ន្ធ​ភាពជា​មួយ​តួ​ក​គី ខណៈដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​ព្រមាន​ថា​ដំណោះស្រាយ​យោធា​អាច​នាំឱ្យមាន​គ្រោះមហន្តរាយ​និង​លំហូរ​ថ្មី​នៃ​ជនភៀសខ្លួន​ឆ្លងកាត់​ព្រំដែន​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (​ឆ្វេង​) ជួប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន កាលពី​ថ្ងៃ​ពុធ